ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធី សំណេះសំណាលជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងមន្ត្រីជាប់កិច្ចសន្យាការងារសណ្តាប់ធ្នាប់ចរាចរណ៍ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ហុឹម យ៉ាន អគ្គស្នងការរង តំណាងលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ,លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ។
ក្នុងពិធីនេះដែរ ក៏មានការចូលរួម ពីលោក លោកស្រីស្នងការរង ជំនួយការ នាយការិយាល័យ អធិការរងទទួលការងារចរាចរណ៍ សណ្តាប់ នាយ នាយរង ផ្នែក ចរាចរណ៍តាមបណ្តាអធិការដ្ឋានននគរបាលទាំង១៣ និង លោក នាយ នាយរង ការិយាល័យ មន្ត្រីទាំងអស់ចំណុះការិយាល័យចរាចរណ៍ផ្លូវគោក ដែលសរុបរួមមាន ៩៣១នាក់ ។
ជាមួយនេះដែរ លោកនាយឧត្តមសេនីយ៍ ហុឹម យ៉ាន អគ្គស្នងការរង,លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណអភិបាលរាជធានីភ្នំពេញ បានអញ្ជេីញមានមតិណែនាំល្អៗ និងជម្រុញឱ្យមន្ត្រីទាំងអស់អនុវត្តតួនាទីភារកិច្ចឱ្យបានល្អ លុបបំបាត់ឱ្យបាននូវភាពអសកម្ម ជាពិសេសកែលម្អចំណុចដែលខ្វះខាត ។
ជាកិច្ចបញ្ចប់គណៈអធិបតី បាននាំយកថវិការបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចែកជូនដល់មន្ត្រីចូលរួមទាំង ៩៣១នាក់ ដោយក្នុងម្នាក់ៗទទួលបាន ១០មុឺនរៀល៕
ដោយ៖សហការី