ព័ត៌មានទាន់ហេតុការណ៍៖

ឧទ្យានជាតិវីរៈជ័យ​ មានសក្តានុពលលើសត្វព្រៃ និងសម្រស់ត្រកាលនៃធម្មជាតិដែលអ្នកធ្វើដំណើរផ្សងព្រេងគួរសាកល្បង

ចែករំលែក៖

ខេត្ត​រតនគីរី​៖​ ឧទ្យានជាតិវីរៈជ័យ​ ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែងដែលមានផ្ទៃដីចំនួន៣៣២.៥០០ ហិកតា។ បើយើងនិយាយពីសក្តានុពលក្នុងឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្តមួយនេះ ធម្មជាតិក្នុងព្រៃ និងតាមដងអូ រួមទាំងសត្វព្រៃ​គឺជាអ្វី​ដែល​ធ្វើឱ្យ​ឧទ្យានជាតិ​មួយ​នេះ​មាន​សម្រស់ស្រស់​ត្រកាលបង្អួតអ្នកដែលបានទស្សនា និងរងចាំភ្ញៀវទេសចរដែលហ៊ានប្រជែងមើលសម្រស់ដ៏ត្រកាល។

     ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ សត្វព្រៃជាច្រើនកំពុងសំងំរស់នៅយ៉ាងមានសេចក្តីសុខដែលមានដូចជា៖ សត្វស្វា កន្ទុយសរ ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជាដើម។ មិនត្រឹមតែ​ប៉ុណ្ណោះ នៅពេលដែលចូលទៅព្រៃជ្រៅនោះមានទឹកជ្រោះមួយហៅថា(ទឹកជ្រោះយក្សកែ)នៅរដូវវស្សាទឹកធ្លាក់នោះ ស្អាតណាស់ហើយថ្លាមែនទែនដែលគួរចាប់អារម្មណ៍យ៉ាងខ្លាំងដែលមានទឹកគ្រប់គ្រាន់សំរាប់ការលេង​យ៉ាង​សប្បាយ។ ដើម្បីទៅដល់ទីតាំងកំសាន្តនេះ អ្នកទេសចរត្រូវធ្វើដំណើរប្រមាណ១៥​គីឡូ​ម៉ែត្រពីស្រុកតាវែងទៅដល់ភូមិមណ្ឌលយ៉ន​ដែលអ្នកទេសចរត្រូវឆ្លងកាត់ទន្លេសេសាន និងអូរតាបូកនៅ​ទីនោះហើយដែលអ្នកទេសចរអាចមើលឃើញផ្កាព្រៃ ទេសភាពតាមដងព្រៃជាដើម។

      ដោយឡែកនៅក្នុងតំបន់ស្រស់ត្រកាលនេះ ជនជាតិដើមភាគតិចព្រៅ គឺជាម្ចាស់​ស្រុកដែល​នឹងធ្វើ​បដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរណ៍ដែលផ្តលការស្នាក់នៅដោយ​ផាសុខភាព​បែបជនជាតិ និង​ការរីករាយ​ជាមួយវប្បធម៌ប្រពៃណី ម្ហូបអាហារ និងស្រាពាងរបស់ជនជាតិដើមព្រៅ៕

ដោយ​៖សហការី​


ចែករំលែក៖