ខេត្តព្រះសីហនុ៖ បើយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះខេត្ត ចុះអនុវត្តខ្លឹមសារលិខិតលេខ០៧៣/២២ សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្ដីពីករណីការកាប់ឆ្ការ ឈូស ឆាយដី ព្រៃលិចទឹក និងព្រៃកោងកាង មានទីតាំង ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រុមការងារចម្រុះខេត្ត បានចុះទៅដល់ទីតាំងជាក់ស្ដែង កាពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយការជួបជុំអ្នកពាក់ព័ន្ធរួចមក ក្រុមការងារបានអានខ្លឹមសារលិខិតលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ជូនទៅ លោក ឡាវ ម៉េង ឈាង ដើម្បីបានស្តាប់ និងណែនាំ អំពីយន្តការ ការងារ ដែលត្រូវអនុវត្តលើទីតាំងដីខាងលើ រួមមាន ការឈូសឆាយ ពង្រាបដី និងរុះរើសំណង់ និងការ្យផ្សេងៗ លើទីតាំងដី ដើម្បីរៀបចំដាំព្រៃកោងកាងឡើងវិញ ក្រោយពីស្តាប់ការណែនាំរបស់ក្រុមការងាររួចមក លោក ឡាវ ម៉េងឈាង បានឯកភាពតាមការសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយយល់ព្រមប្រគល់ទីតាំងដី ដែលលោកធ្លាប់គ្រប់គ្រងកន្លងមកជូនទៅរដ្ឋបាលខេត្ត ដើម្បីគ្រប់គ្រង និងកាន់កាប់វិញ ដោយពុំមានការតវ៉ាអ្វីឡើយ។ ក្នុងនោះ លោក ឡាវ ម៉េងឈាង ស្នើសុំក្រុមការងារ ធ្វើការឈូសឆាយដីនៅផ្អែកខាងលិចដែលមិនមានស្រះត្រី ជាមុន និងសុំរយៈពេល ២៩ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នេះ ដើម្បីទុកពេលឱ្យលោកប្រមូលទិន្នផលត្រីសិន។ លោក ឡាវ ម៉េង ឈាង ទទួលស្គាល់ថាទីតាំងដីដែល លោកបានឈូសឆាយ និងគ្រប់គ្រងកន្លងមកនេះ ពិតជាដី ស្ថិតនៅក្នុងដែនអភិរក្សព្រៃលិចទឹករបស់រដ្ឋប្រាកដមែន។ ហើយចំពោះការសម្រេចប្រគល់ដីជូន អាជ្ញាធរខេត្តព្រះសីហនុ ដើម្បីគ្រប់គ្រង និងដាំដើមកោងកាងឡើងវិញនេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត ពុំមានការបង្ខិតបង្ខំ ពីសមត្ថកិច្ចមួយណាឡើយ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានអញ្ជើញ លោក ឡាវ ម៉េង ឈាង មកផ្តល់ ការបំភ្លឺពាក់ព័ន្ធ នឹងករណី កាប់គាស់ ព្រៃលិចទឹក រុករាន យកដីព្រៃកោងកាងធ្វើជាកម្មសិទ្ឋិ។ ក្រោយការបំភ្លឺរបស់ សាមីខ្លួន និងការពន្យល់ណែនាំអំពីផ្លូវច្បាប់រួចមក លោក ឡាវ ម៉េង ឈាង បានទទួលស្គាល់ថាខ្លួនពិតជាបានឈូស ឆាយ ទន្ទ្រានយកដីព្រៃលិចទឹក និង ព្រៃកោងកាងជាដីរដ្ឋ ប្រាកដមែន ហើយលោកយល់ព្រមដោយស្ម័គ្រចិត្ត ប្រគល់ ដីជូនអាជ្ញាធរខេត្តព្រះសីហនុ ដោយពុំមានការតវ៉ា និងពុំទាមទារសំណងអ្វីទាំងអស់ តែក្នុងនោះលោកស្នើសុំ រយៈពេល ០៦ខែ ដើម្បីប្រមូលផលត្រី ដែលបានចិញ្ចឹមនៅក្នុងទីតាំងដី។ តែក្រោយមកដោយមិនអនុវត្តតាមការព្រមព្រៀង ទើបរដ្ឋបាលខេត្តចេញលិខិតលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ដោយជម្រាបមក លោក ឡាវ ម៉េង ឈាង ត្រូវបញ្ឈប់សកម្មភាពទាំងឡាយ ដោយធ្វើការរុះរើសំណង់ផ្សេងៗលើទីតាំងដី ដែលបានឈូសឆាយ និង ត្រូវចាកចេញពីទីតាំងដី រួចប្រគល់ជូនអាជ្ញាធរកាន់កាប់ និងដាំដើមកោងកាងឡើងវិញ ក្នុងរយៈពេល៣០ថ្ងៃ បន្ថែមទៀត។ ដោយពិនិត្យឃើញថាគិតចាប់ពីថ្ងៃជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ មកទល់ បច្ចុប្បន្ន លោក ឡាវ ម៉េង ឈាង ពុំមានសកម្មភាព អនុវត្តតាមការព្រមព្រៀងដោយស្ម័គ្រចិត្តដូច ការ អះអាងរបស់ខ្លួន ទើបនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារចម្រុះខេត្ត បានសម្រេចចុះអនុវត្តសេចក្តី ជូនដំណឹងលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ។
សូមជម្រាបជូនបន្ថែមថា ចំពោះការចុះអនុវត្តខ្លឹមសារលិខិតលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្ដីពីករណីការកាប់ឆ្ការ ឈូសឆាយដី ព្រៃលិចទឹក និងព្រៃកោងកាង មានទីតាំង ស្ថិតនៅភូមិព្រែក ប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមការងារចម្រុះខេត្ត បានដំណើរការទៅរលូន ដោយមានការសហការពីអ្នកពាក់ព័ន្ធ និងការចូលរួមពីអ្នកសារព័ត៌មានចំនួន១៣អង្គភាព ដែលបានទៅផ្តិតយករូបភាព និងព័ត៌មានផងដែរ។
ក្នុងរយៈពេលថ្មីៗកន្លងមកនេះ ដោយសារសង្កេតឃើញថាមានការបកស្រាយផ្សេងគ្នាពាក់ព័ន្ធនឹងករណីខាងលើ ដូច្នេះរដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានរបស់យើង សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារពត៌មាន ដោយត្រូវផ្សព្វផ្សាយពីព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងសាធារណៈមតិមានការភាន់ច្រឡំ៕
ដោយ៖សហការី