ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុកម៉ូតូស្លាប់មនុស្ស២នាក់លើកំណាត់ផ្លូវបំបែកហាយវ៉េ ក្នុងស្រុកសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩:០០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកផ្លូវហាយវ៉េ ក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ ប៉ុន្តែភ្លាមៗនោះជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ដោយគ្រាន់តែដឹងថា អ្នករួមដំណើរម្នាក់ជាស្ត្រីចំណាស់វ័យជាង៦០ឆ្នាំ និងម្នាក់ទៀតជាបុរសអាយុប្រហែលជាង៣០ឆ្នាំ បានស្លាប់បន្តបន្ទាប់គ្នាក្បែរទ្រូងផ្លូវបំបែក។ ចំណែកម៉ូតូជនរងគ្រោះត្រូវរថយន្តកិននិងអូសជិត ១០០ម៉ែត្រ ម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ពាក់ស្លាកលេខ បាត់ដំបង ១T-៩៦៧៣។ ដោយឡែកភាគីខាងរថយន្តធុនធំប្រភេទដឹកទំនិញ គេមិនស្គាល់ស្លាកលេខឡើយ ព្រោះក្រោយហេតុការណ៍កើតឡើងអ្នកបើកបរបានគេចខ្លួនបាត់។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តធុនធំ១គ្រឿងបើកបរយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច រីឯអ្នកជិះម៉ូតូវិញបានធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចផ្លូវបំបែកបានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូនិងអ្នករួមដំណើរត្រូវរថយន្តកិនស្លាប់ភ្លាមៗក្នុងសភាពខ្ទេចខ្ទាំជាបំណែកៗ បាក់ដៃ បាក់ជើង ពោះវៀនចេញក្រៅ ។

    ក្រោយពីកើតហេតុកម្លាំងនគរបាលជំនាញបានស្រាវជ្រាវរកសាច់ញាតិឃើញ ក៏បានប្រគល់សាកសពដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

   ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលជំនាញផ្នែកចរាចរណ៍ផ្លូវគោកស្រុកសង្កែយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖