ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការងារ៖ យុទ្ធនាការ ៩០ថ្ងៃ នៃពិធីផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ជាការបង្កើតភាពជាដៃគូ រវាងនិយោជក និងសហជីព

ចែករំលែក៖

 ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំលើកទី៤ នៃយុទ្ធនាការ ៩០ថ្ងៃ នៃពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ រៀបចំធ្វើឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. បានប្រាប់ដល់ សហជីពមូលដ្ឋាន ដែលជាតួអង្គសំខាន់តំណាងឲ្យកម្មករនិយោជិត ដែលពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗរបស់បងប្អូនកម្មករនិយោជិតថា នៅក្នុងយុទ្ធនាការ ៩០ថ្ងៃ នេះ គឺមានសារៈសំខាន់ណាស់ក្នុងការបង្កើនភាពជាដៃគូ ជាមួយនិយោជក និងសហជីពមូលដ្ឋាន ក្នុងន័យផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនជូនបងប្អូនកម្មករនិយោជិតឱ្យបានទូលំទូលាយ ពីកាតព្វកិច្ច និងអត្ថប្រយោជន៍ដែលទទួលបាននៅពេលដល់អាយុចូលនិវត្តន៍។

លោកបណ្ឌិតរដ្ឋមន្រ្តី គូសបញ្ជាក់ថា នៅក្នុងរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ជាកាតព្វកិច្ចនេះ នៅពេលដែលបងប្អូនដល់អាយុចូលនិវត្តន៍ ក៏មានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពផងដែរ ដូច្នេះបន្ទាប់ពីបងប្អូនចូលនិវត្តន៍ គឺមិនបារម្ភនៅពេលមានជំងឺ ត្រូវចំណាយទៅលើការព្យាបាលឡើយ ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់វណ្ណៈ ប្រកាន់បក្ខពួក ឬនិន្នាការនយោបាយរបស់ក្រុមបក្សប្រឆាំង និងបក្សកាន់អំណាចឡើយ។  

បច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងលេចវត្តមានជាថ្មីនៅលើព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានទប់ស្កាត់ប្រកបដោយជោគជ័យ និងបាត់វត្តមានអស់រយៈពេលជាង ៣ខែកន្លងមក ទន្ទឹមនឹងនេះ លោកបណ្ឌិតរដ្ឋមន្រ្ដី ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិតទាំងអស់ត្រូវចូលរួមការពារខ្លួនតាមវិធានសុខាភិបាលឲ្យបានម៉ត់ចត់ ជាពិសេសត្រូវទៅទទួលយកវ៉ាក់សាំងនៅតាមទីតាំងដែលបានរៀបចំ ដើម្បីឲ្យអត្រាអ្នកចាក់ដូសជំរុញ មានភាពស៊ាំនៅក្នុងសហគមន៍កាន់តែច្រើន ហើយជាពិសេសទៀតត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំ នូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈពិធីផ្សព្វផ្សាយនេះដែរ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានបន្ដធ្វើការសំណូមពរយ៉ាងទទូចទៅកាន់បងប្អូនសហជីពទាំងអស់ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយនាពេលនេះ សូមមេត្តាយកចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ចំងល់ទាំងឡាយពាក់ព័ន្ធទៅនឹងរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ ដើម្បីអាចផ្សព្វផ្សាយបន្តអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ឱ្យបានដល់បងប្អូនកម្មករនិយោជិតដែលជាអ្នកនៅជាមួយ និងជួបផ្ទាល់ ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ធ្វើយ៉ាងណាឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច៕

ដោយ៖ សហការី


ចែករំលែក៖