ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់ឈ្មោះលោកស័ក្តិ៤កន្លះ អុិន រតនៈ ហើយ ! ករណីសំញ៉ែងបង្កើតកម្មវិធីអបអរសាទរ ការឡើងតំណែង ជាស្នងការរងខេត្តកំពង់ស្ពឺ និងកម្មវិធីខួបកំណើត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២នេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានករណីបង្ហោះនូវរូបភាពនាយនគរបាលមួយរូប ករណីសំញ៉ែងបង្កើតកម្មវិធីអបអរសាទរ ការឡើងតំណែង ជាស្នងការរងខេត្តកំពង់ស្ពឺ និងកម្មវិធីខួបកំណើត។ ប៉ុន្តែគេពុំដឹងពិតប្រាកដថា, រូបនេះជាករណីកាត់ត ឬជាកម្មវិធីពិតប្រាកដមែនឬយ៉ាងណានោះឡើយ។ ផ្ទុយទៅវិញ ប្រសិនបើនាយនគរបាលរូបនេះ ធ្វើកម្មវិធីដើម្បីខ្លួន គឺជាកិត្តិយសសម្រាប់ក្រុមគ្រួសារ និងសាច់ញាតិរបស់ខ្លួន ក្នុងការអបអរសាទរឡើងតួនាទីថ្មីនឹងថ្ងៃខួបកំណើត ។ ប៉ុន្តែមជ្ឈដ្ឋានទូទៅយល់ឃើញថា, ការរៀបចំកម្មវិធីអបអរសាទរ ការឡើងតំណែង ជាស្នងការរងខេត្តកំពង់ស្ពឺ និងកម្មវិធីខួបកំណើត មិនត្រូវធ្វើបែបនេះទេ ខណៈអាចប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ជាពិសេសរងនូវការរិះគន់ពីប្រជាពលរដ្ឋតែម្ដង។ ខណៈនគរបាលជាតិ មានតួនាទីភារកិច្ច បម្រើ ការពារប្រជាពលរដ្ឋ លើការងារ សន្តិសុខ សណ្ដាប់ធ្នាប់ លុបបំបាត់បទល្មើសក្នុងសង្គម គឺមិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋឡើយ។

ពាក់ព័ន្ធក្នុងករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺពីសាមុីខ្លួនបានទេ នៅរសៀលថ្ងៃទី ១៥ ខែកក្កដាឆ្នាំ២០២២ ដោយគ្មានលេខទូរស័ព្ទ ខណ:មិនដឹងថា, ជាកម្មវិធីពិតប្រាកដ ឬជារូបភាពកាត់ត ? 

បើយោងតាមប្រកាស ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ លេខ២៣០៩ ប្រក ចុះថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ២០២២ គឺក្រសួងមហាផ្ទៃបានសម្រេច: 

ប្រការ១: ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកវរសេនីយ៍ទោ អុិន រតនៈ អត្តលេខ ៦៦៨៦៥ ពីនាយនគរបាល នៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស ជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

ប្រការ២: អង្គភាពដើមមានការកិច្ចផ្ទេរប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ ព្រមទាំងកាត់ផ្តាច់ក្របខ័ណ្ឌ ឱ្យមក អង្គភាពថ្មីគ្រប់គ្រងបន្តចាប់ពីខែ មិថុនា ឆ្នាំ២០២២ ។

ប្រការ៣: អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ប្រធាននាយកដ្ឋានបុគ្គលិកប្រធាននាយកដ្ឋានស៊ើបការណ៍ក្រៅនិងបច្ចេកទេសប្រធាននាយកដ្ឋានអង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងលោកវរសេនីយ៍ទោ អុិន រតនៈ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

សូមបញ្ជាក់ថា,ករណីសំញ៉ែងបង្កើតកម្មវិធីអបអរសាទរ ការឡើងតំណែង ជាស្នងការរងខេត្តកំពង់ស្ពឺ និងកម្មវិធីខួបកំណើត គឺលោកវរសេនីយ៍ទោ អុិន រតនៈ ត្រូវបានឡើងតំណែងជាស្នងការរងខេត្តកំពង់ស្ពឺ ក្លាយជាវិធានបទមួយ ដែលថ្នាក់លើគួរពិចារណា តើសមរម្យដែរទេ ឬក៏ជាសិទ្ធបុគ្គល ? ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖