ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបើកការបង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស( ប្លន់យកម៉ូតូ )មួយករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់។
ប្រភពពីកម្លាំងកងរាជអាវុធហត្ថបានឱ្យដឹងថា នៅវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៥៧B ស្ថិតក្នុងភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង មានជនល្មើសមិនស្គាល់សាវតារ ចំនួន៩នាក់ ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយកាំបិតផ្គាក់និងដាវ បានធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AP- 4074 របស់ជនរងគ្រោះឈ្មោះ គង់ ណន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀងខេត្តបាត់ដំបង។
សមត្ថកិច្ចកងរាជអាវុធហត្ថបានបន្តថា បន្ទាប់ពីធ្វើសកម្មភាពប្លន់រួច ជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់ទៅ។ ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅការិយាល័យជំនាញ ភ្លាមនោះកម្លាំងសមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវរហូតដល់ម៉ោង១០និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ទើបកំណត់បានមុខសញ្ញា និងឈានដល់ធ្វើការចាប់ខ្លួនជនសង្ស័យចំនួន០៩នាក់នៅចំណុចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
ជនសង្ស័យទាំង០៩នាក់ដែលត្រូវឃាត់ខ្លួននោះរួមមាន៖ទី១-ឈ្មោះ ចេវ រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស, ទី២-ឈ្មោះ ធឿត ប៊ុនហាវ ភេទ ប្រុស អាយុ១៥ឆ្នាំ, ទី៣-ឈ្មោះ សិទ្ឋ រ៉ាស៊ីន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរគ្មាន, ទី៤-ឈ្មោះ សុខ សុភ័ក្រ ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរគ្មាន, ទី៥-ឈ្មោះ ដន ម៉េងហួយ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរគ្មាន, ទី៦-ឈ្មោះ ឆៃ រ៉ហ្សែត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន, ទី៧-ឈ្មោះ គា វិច្ឆិកា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន, ទី៨-ឈ្មោះ នាថ ធានសិង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ គ្មាន, ទី៩-ឈ្មោះ ធីតា សុវណ្ណដេត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន ទាំងអស់គ្នារស់នៅក្នុងខេត្តបាត់ដំបង រួមជាមួយរត្ថុតាងដកហូតមាន៖
១-ម៉ូតូហុងដាឌ្រីម C-១២៥ ពណ៌ ខ្មៅចំនួន០៤គ្រឿង
២-កាំបិតផ្គាក់ចំនួន០៣ដើម
៣-ស្លាកលេខម៉ូតូចំនួន០២សន្លឹក ( លេខ បាត់ដំបង 1AP-4074 និងលេខបាត់ដំបង1AF-6619។
ក្រោយបញ្ចប់ការសាកសួរបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននិងរក្សាទុកនៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ដោយ៖ចន្ទ លីហ្សា