ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្តឡិចសុីសបោះពួយឡេីងលេីខឿនថ្មពុះចែកទ្រូងផ្លូវកល់ជាប់

ចែករំលែក៖

     ភ្នំពេញ ៖ បុសម្នាក់បានបេីករថយន្ត LEXUS RX300 យ៉ាងលឿនរេចង្កូតហោះឡេីងលេីខឿនថ្មពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច តែសំណាងដែរដែលមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។  ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃើញរថយន្តម៉ាក LEXUS RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ- 2105 បេីកបរដោយបុរសម្នាក់ក្នុង ទិសដៅពីលិចទៅកេីត ឆ្ពោះមកស្ពានអាកាសស្ទឹងមានជ័យ ពេលបើកមកដល់ចំណុចកេីតហេតុដោយសារអ្នកបេីកបរមានស្ថានភាពស្រវឹងផងនោះទើបរថយន្តរេចង្កូតបុកខឿនថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តហោះកល់លើរបាំងថ្មរងការខូចខាត ចំណែកតៃកុងមិនបណ្ដាលឱ្យរងរបួសឡើយ ។

      ក្រោយពេលកេីតហេតុតៃរថយន្តបានចុះគេចខ្លួនពីកន្លែងកេីតហេតុបាត់ទៅ បន្សល់ទុកតែរថយន្តនៅនឹងកន្លែងដើម្បីឱ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវាល់វែងយករថយន្តនេះទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖