ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានាព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា ដើម្បីអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ និងរបៀបវារៈប្រជុំពេញអង្គ។ 

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តកំណត់យក ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ បន្តសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ ដោយមានរបៀបវារៈចំនួន៥ ដែលក្នុងនោះ សម័យប្រជុំរដ្ឋសភានឹងពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

ក្រៅពីសេចក្តីព្រាងច្បាប់ខាងលើ សម័យប្រជុំរដ្ឋសភាក៏នឹងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖  កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ និង កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

ដោយឡែករបៀបវារៈមួយទៀត គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រ កម្ពុជាចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម។ 

នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកថ្ងៃទី២៨ កក្កដានោះ នឹងប្រកាសការសម្រេចអំពីសុពលភាពនៃអាណត្តិ លោកចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្ត កណ្តាល ជំនួសលោកបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព ផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖