ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃចន្ទទី២៥ ខែកក្កដា ឆ្នាំ២០២២នេះថា៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា បាននាំមេការជនជាតិចិនម្នាក់ទៅធ្វើកំណត់ហេតុនិងកិច្ចសន្យា ខណៈដែលកម្មករសំណង់បានដុតសំរាមនិងខ្សែភ្លើងនៅលេីខុនដូជាន់ទី៣ បង្កជាអគ្គិភ័យឆាបឆេះផ្អើលសមត្ថកិច្ចនិងប្រជាពលរដ្ឋទាំងយប់។
លោកអភិបាលរងខណ្ឌរូបនេះបានគូសបញ្ជាក់ថា៖ “រពិសដៃពេក៖ កម្មករសំណង់បានដុតសំរាមនិងខ្សែភ្លើងនៅជាន់ទី៣នៃអគារខុនដូកំពុងសាងសងមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ឥឡូវនាំយកមេការជនជាតិចិន១នាក់ទៅប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ដើម្បីធ្វើកំណត់ហេតុ និងកិច្ចសន្យាមិនឱ្យមានហេតុការណ៍នេះទៀតទេ។
សូមជម្រាបថា ក្នុងហេតុការណ៍នេះដែរ គេឃើញលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងនគរបាលការិយាល័យពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញទៅជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗផងដែរ ដោយមិនឆេះរាលដាលខ្លាំងនោះទេ។
ដោយឡែកមេការជនជាតិចិនខាងលេីនេះ បន្ទាប់ពីបានធ្វេីកិច្ចសន្យា និងស្ដាប់ការណែនាំរួចហេីយ កម្លាំងជំនាញក៏អនុញ្ញាតឱ្យត្រលប់ទៅវិញ៕
ដោយ៖សហការី