ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិនប្រចាំកម្ពុជា ៖ ស្ថានភាពនៃការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិនគួរឱ្យសប្បាយចិត្ត

ចែករំលែក៖

 ភ្នំពេញ ៖ ស្ថានឯកអគ្គរដ្ឋទូតប្រជាមានិត្យចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា ៖ យោងតាមតួលេខរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញថា នាដើមឆមាសទី១នៃឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនឈានដល់ ៥៩៨៥ លានដុល្លារអាមេរិក កើនឡើង ១៩.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ថ្មីៗនេះ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានឱ្យដឹងថា នាដើមឆមាសទី១នៃឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករចំនួន ១៦៨២៨០ តោនទៅកាន់ប្រទេសចិន កើនឡើង១៧.៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ប្រទេសចិនគឺជាប្រទេសដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ ការនាំចេញទៅកាន់ប្រទេសចិនមានចំនួន ៥១.៤% នៃការនាំចេញអង្ករសរុបនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ។ ចាប់ពីឆ្នាំ២០១៩ដល់ចុងខែមិថុនាឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលចំនួន២.៤លានតោនទៅកាន់ប្រទេសចិន ស្មើនឹង ១៩៤២ លានដុល្លារអាមេរិក ក្នុងនោះរួមមាន ចេកស្រស់ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី កាកដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ម្សៅកាកាវជាដើម។

 នាថ្ងៃទី២០ខែកក្កដា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញចូលរួមកិច្ចសន្ទនាអនឡាញស្តីពីកសិកម្មកម្ពុជាចិនដែលរៀបចំឡើងដោយភាគីចិនដោយបានលើកឡើងថា គំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ” បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់វិស័យកសិកម្មកម្ពុជា បានជួយដល់ដំណាំស្រូវ ដំឡូងមី ផ្លែឈើតំបន់ត្រូពិច និងជ័រកៅស៊ូជាដើម, បង្កើនតម្លៃបន្ថែមលើកសិផលដោយតាមរយៈការបង្កើតតំបន់ឧទ្យានកែច្នៃផលិតផលកសិកម្ម, ជួយជំរុញការលើកកម្ពស់បច្ចេកវិទ្យាកសិផលកម្ពុជា កសាងហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយបញ្ហាប្រភពហិរញ្ញវត្ថុដោយតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងចិន។

ដើម្បីជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន ក្រោមការណែនាំយ៉ាងលម្អិតពីការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា លោក Chen Qisheng អគ្គនាយកនៃក្រុមហ៊ុនCCIC Cambodia បានដឹកនាំក្រុមការងារ ដោយអនុលោមតាមសេចក្តីតម្រូវការនៃ”កិច្ចព្រមព្រៀងភូតគាមអនាម័យ”ពាក់ព័ន្ធដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ ក្រុមការងារលោកបានជម្នះរាល់ឧបសគ្គទាំងឡាយ បង្ហាញលក្ខណៈពិសេសតាមបច្ចេកទេសជំនាញ ជួយសហគ្រាសក្នុងការត្រួតពិនិត្យគ្រប់គ្រងនិងដំឡើងបរិក្ខារកម្ដៅយ៉ាងសកម្ម រឹតបន្តឹងគុណភាព ផ្តល់ការត្រួតពិនិត្យភូតគាមអនាម័យលើផលិតផលពាក់ព័ន្ធមុនពេលដឹកជញ្ជូនចេញក្រៅនិងផ្តល់សេវាកម្ម”តាមដានប្រភពCCIC”ផងដែរ។ បន្ទាប់ពីទំនិញទៅដល់ប្រទេសចិន ត្រូវបានអនុញ្ញាតឆ្លងកាត់គយនិងបញ្ជូនចែកចាយនៅតាមទីផ្សារយ៉ាងរលូន៕

ដោយ ៖ សិលា


ចែករំលែក៖