នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ នាថ្ងៃទី៣១ខែកក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានបញ្ជាក់ថា មានមនុស្សរាប់រយនាក់រស់នៅក្នុងតំបន់សមរភូមិ Donbass រួមទាំងក្នុងតំបន់ Donetsk និង Lugansk ដែលចាំបាច់ត្រូវតែជម្លៀសខ្លួនចេញពីទីតាំងខាងលើ ។
សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី៣១ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានឱ្យដឹងថារដ្ឋាភិបាលរបស់លោកបានចេញបញ្ជាមួយឱ្យជម្លៀសប្រជាជនចេញពីតំបន់ ដូណេត ស្ថិតនៅខាងកើតនៃប្រទេស ជាទីដែលទាហានអ៊ុយក្រែនកំពុងវាយប្រហារប្រយុទ្ធគ្នាជាមួយទាហានរុស្ស៉ី កាន់តែក្ដៅគគុក។
ការប្រកាសខាងលើរបស់លោក ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរអ៊ុយក្រែនក្នុងតំបន់ដូណេត បានអះអាងថា ជនស៊ីវិល៦នាក់ត្រូវបានសម្លាប់ និង១៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារពីសំណាក់ទាហានរុស្ស៉ីកាលពីថ្ងៃសុក្រកន្លងទៅនេះ។ បន្ថែមពីលើនេះ នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «អ្នកដែលចាកចេញពីតំបន់ដូណេតនឹងទទួលបានសំណង ហើយយើងនឹងជួយពួកអ្នក ព្រោះយើងមិនមែនរុស្ស៉ីឡើយ។ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសង្រ្គោះអាយុជីវិតមនុស្ស…»៕
លោក ហ្សេលេនស្គីបញ្ជាក់ថា មានមនុស្សរាប់ម៉ឺននាក់កំពុងជាប់គាំងនៅក្នុងតំបន់សមរភូមិប្រយុទ្ធមួយភាគធំក្នុងតំបន់ដុនបាស់ ដែលបង្កើតឡើងដោយតំបន់ដូណេត និងលូហានរួមបញ្ចូលគ្នា ហើយការជម្លៀសទៀតសោតនឹងត្រូវបានសម្របសម្រួល ក៏ដូចជាគាំទ្រដោយអាជ្ញាធរអ៊ុយក្រែននៅក្នុងតំបន់៕
ដោយ៖ ធីរីណា(រូបថត៖ Reuters )