ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី យក់ សម្បត្តិ ៖ បុរសជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វា ត្រូវបានព្យាបាលជាសះស្បើយ តែនៅបន្តដាក់ឱ្យនៅដាច់ដោយឡែក ៧ថ្ងៃទៀត

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន  ថា នៅពេលនេះ បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា (Monkeypox) ត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី) ព្យាបាលជាសះស្បើយហើយ ប៉ុន្តែមិនទាន់អនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនោះទេ គឺត្រូវបន្តដាក់ឲ្យនៅដាច់ដោយឡែកចំនួន៧ថ្ងៃទៀត ដើម្បីប្រាកដថា ជាសះស្បើយជាស្ថាពរ។

សូមជម្រាបថា បុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វា ឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ២៧ឆ្នាំ បានចេញពីប្រទសថៃមកកាន់កម្ពុជា ហើយត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងសុខាភិបាល បានរកឃើញអ្នកពាក់ព័ន្ធសរុបចំនួន៥នាក់ ដែលបានប៉ះពាល់ជាមួយបុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វានេះ។ អ្នកពាក់ព័ន្ធទាំង៥នាក់នោះ តម្រូវឲ្យដាក់ខ្លួននៅដាច់ដោយឡែក សម្រាប់តាមដានសុខភាព។

សូមបញ្ជាក់ថា, លោកស្រី យក់ សម្បត្តិបានបញ្ជាក់យ៉ាងដូច្នេះថា «លទ្ធផលនៃការធ្វើតេស្តទ្បើងវិញ ដើម្បីពិនិត្យបញ្ជាក់នៃអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ា ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត បានទទួលលទ្ធផលអវិជ្ជមាន ហើយដោយក្រសួងសុខាភិបាល បានធ្វើការបញ្ជាក់ពីមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រផង និងមន្ទីរពិសោធន៍នៃវិទ្យាស្ថានសុខភាពសាធារណៈផង។ តែគាត់ [បុរសនីហ្សេរីយ៉ា] ត្រូវការឃុំខ្លួននៅដាច់ដោយឡែករយៈពេល៧ថ្ងៃទៀត ក្រោយពីតេស្តអវិជ្ជមាន ដើម្បីប្រាកដប្រជាថា គាត់បានជាសះស្បើយជាស្ថាពរ» ៕

ដោយ ៖ សហការី


ចែករំលែក៖