ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថបញ្ជូនខ្លួនក្មេងទំនេីង​ចំនួន ០៥នាក់​ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនក្មេងទំនេីង​ចំនួន ០៥នាក់​ទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យចាត់ការនៅរសៀលថ្ងៃចន្ទ ទី៨​ ខែសីហា​​ ឆ្នាំ​២០២២នេះ​ ៕

លោក ឈឹម ប៊ុនឈឿម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានឱ្យដឹងថាកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក​ បេីកប្រតិបត្តិការ​បង្ក្រាប​ក្មេងទំនេីង​ចំនួន០៥នាក់ ពាក់ព័ន្ធករណី​ហិង្សាដោយចេតនា និងកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចលូទី២ ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ។ 

លោក បញ្ជាក់ថា ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងឈ្មោះ​ ខោត មុនា (ហៅជ្រូក) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ។ 

ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះកម្លាំងរបស់លោកសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះធ្វើការស្រាវជ្រាវ និងស្ទាក់ឃាត់ខ្លួនជាបន្តបន្ទាប់បានជនបង្កចំនួន០៥នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖ កាំបិតកែច្នៃ ដងរុំស្កុតពណ៌ខ្មៅ ប្រវែង៦១សង់ទីម៉ែត្រ ចំនួន០១ដើម ២-ម៉ូតូ​ ចំនួន៣គ្រឿង និងកាំភ្លើងហ្គាស ម៉ាក PIETRO BERETTA MOD92FS.9mm ចំនួន០១ដើម កំប៉ុងហ្គាស ចំនួន០១ និងគ្រាប់ជ័រ ចំនួន០១ថង់ ហើយយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក ។ 

ជនសង្ស័យទាំង ០៥នាក់មានឈ្មោះដូចខាងក្រោម ៖

១.ឈ្មោះ​ អៀន វណ្ណឆេង ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។​ 

២.ឈ្មោះ​ យួត រ៉ាយុត ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។​ 

៣.ឈ្មោះ​ អឿន លាបហេង (ហៅផេង) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។​ 

៤.ឈ្មោះ​ ណាន សំរេច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិប៉ោយ ស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ 

៥.ឈ្មោះ​ ម៉ែន ជូស៊ឹង (ហៅសិញ)​ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន​ភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។

ក្រោយពីកម្លាំងជំនាញសួរនាំរួចមក បានឆ្លើយសារភាពថា ពួកគេបានធ្វើសកម្មភាពជិះម៉ូតូកាន់កាំបិតកាប់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូមានគ្នាចំនួន០២នាក់ គឺជនរងគ្រោះឈ្មោះ ខោត មុនា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រះជីក ឃុំស្រះជីកស្រុកភ្នំស្រុក  បណ្តាលឲ្យរងរបួសត្រង់ក្បាលខាងក្រោយផ្នែកខាងស្តាំចំនួន០១កន្លែង និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ​ ឆេង ឆាលី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ពុំមានរងរបួសទេ ដោយសារពួកគេមានជម្លោះគ្នាពីមុនមក ។ 

ដោយបានស្តាប់ចម្លេីយសារភាព​របស់ជនសង្ស័យទាំង៥នាក់ និងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។ 

បច្ចុប្បន្ន ក្មេងទំនេីងទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យចាត់ការតាមនីតិវិធី ៕

ដោយ ៖ វណ្ណា


ចែករំលែក៖