ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីវីដេអូឃ្លីបខ្លីៗចំនួន ៣ឃ្លីបដែលបានបង្ហោះនៅក្នុងបណ្តាញសង្គម TikTok ដើម្បីចែករំលែកយ៉ាងផុសផុល ដោយបង្ហាញឱ្យឃើញបងប្អូនប្រជាពលរដ្ឋខ្មែរ ប្រុស-ស្រី ជាច្រើនបានអង្គុយលើកៅអ៊ី មានតុជ័ររៀបចំ នៅលើផ្លូវរថភ្លើងជាជួរមានច្រើនតុ និងហាក់រីករាយទទួលទានអាហារដោយមិនខ្វល់ពីគ្រោះថ្នាក់នោះទេ ។
ជាក់ស្ដែងបន្ទាប់ពីមានការបង្ហោះរូបភាពវីដេអូឃ្លីបខ្លីៗ អ្នកលេងបណ្តាញសង្គម TikTok និងហ្វេសប៊ុក បានរិះគន់យ៉ាងចាស់ដៃ ដែលឃេីញក្រុមអាជីករលក់ដូរមានការរៀបតុលក់ដូរលើកំណាត់ផ្លូវរថភ្លើងមួយកន្លែង ដែលគេអះអាងថា នៅខេត្តកំពង់ឆ្នាំង ដោយមានមនុស្សប្រុស-ស្រី នាំគ្នាមកអង្គុយទទួលទានអាហារ និងផឹកស៊ីយ៉ាងសប្បាយមិនខ្វល់ពីគ្រោះថ្នាក់ដល់ជីវិត បើសិនរថភ្លើងបើកបរមកដល់ តើនឹងទៅជាយ៉ាងណា ។
ចំណែកវីដេអូខ្លះទៀត បង្ហាញពីយុវជនប្រុស-ស្រី ដែលបានថតវីដេអូស៊ែលហ្វី និងបង្ហោះក្នុងគណនីTikTok ឈ្មោះ brochan484 កូនអ្នកខេត្តកំពង់ឆ្នាំង បង្ហាញពីបងប្អូនស្រី-ប្រុស មានចាស់មានក្មេងជួបជុំហូបអី ហាក់មិនខ្វល់ថា នឹងមានហានិភ័យអ្វីកើតឡើងនោះទេ ។ ទិដ្ឋភាពនៃការលក់ដូរអង្គុយហូបអីជុំគ្នាលើផ្លូវរថភ្លើងនេះផងដែរទទួលបានការរិះគន់យ៉ាងខ្លាំងក្លា គឺច្រើនជាងការសរសើរ ក្នុងនោះអ្នកប្រើប្រាស់បណ្តាញសង្គមបានសម្តែងការហួសចិត្តថា ដូចខ្វះកន្លែងលក់ដូរ និងទទួលទានបែរជាមកហូបជុំគ្នាលើផ្លូវរថភ្លើងបែបនេះ ។
មហាជនខ្លះទៀតបានបញ្ចេញមតិថា៖ “ចុះបើរថភ្លើងមក រត់មិនទាន់ទេបងប្អូនអើយ” ព្រោះកន្លងមកមានគ្រោះថ្នាក់ច្រើនបានកើតមានលើកផ្លូវដែក ព្រោះតែមានបងប្អូនខ្លះផឹកស៊ីលើផ្លូវដែក ហើយរថភ្លើងមកដល់ គឺរត់ចេញមិនទាន់ត្រូវរថភ្លើងកិន បណ្តាលឱ្យបាត់បង់ជីវិត ខ្លះក៏ដាច់ដៃជើង ជាដើម ព្រោះរថភ្លើងអត់មានផ្លូវណាគេចទេ។
ជាមួយគ្នានោះ អ្នកប្រើប្រាស់បណ្តាញសង្គមក៏បានលើកភ្ជាប់ហេតុការណ៍កន្លងមកនៅឯខេត្តព្រះសីហនុ ដែរថា៖ «នៅខាងកំពង់សោមនេះ ពូម្នាក់អង្គុយផឹកនៅលើថ្នល់រថភ្លើងត្រូវបានរថភ្លើងកិនស្លាប់» ខ្លះក៏បញ្ចេញមតិសម្តែងការហួសចិត្តថា «មើលរូបភាពនេះហើយ ឆ្លុះបញ្ចាំងអោយឃើញកំរិតចំណេះដឹងរបស់ពលរដ្ឋដែលហាក់មិនខ្វល់ពីអាយុជីវិត និងបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជួយពិនិត្យមើល ព្រោះវាពិតជាគ្រោះថ្នាក់ណាស់ ដែលរៀបតុលក់ដូរលើផ្លូវរថភ្លើង និងមានមនុស្សកុះករមកអង្គុយតាមតុហូបអីជុំគ្នាលើកំណាត់ផ្លូវដែកបែបនេះ ។
បន្ថែមពីនេះ ប្រជាពលរដ្ឋខ្លះ ក៏បានបញ្ចេញយោបល់ថា ក្រោយពីបានឃើញវីដេអូនេះរួច គឺគាត់ទទួលស្គាល់ថា ការយល់ដឹងរបស់ប្រជាជនខ្មែរយើងខ្លះនៅមានកម្រិត ទាំងអ្នកលក់ដូរ ទាំងអ្នកញ៉ាំអាហារនៅទីនោះ រួមទាំងអាជ្ញាធរផងដែរ»។ ចំពោះបងប្អូនយើងដែលទទួលទានអាហារ ដោយមានតុកៅអី អង្គុយហូបលើផ្លូវរថភ្លើងបែបនេះ គឺពិតជាលេងសើចនឹងជីវិតខ្លួនឯងពេកហើយ ដូច្នេះបើមានគ្រោះថ្នាក់ដោយប្រការណាមួយពេលរថភ្លើងមកដល់ កុំបន្ទោសរថភ្លើងអី ។ ក្រៅពីការរិះគន់រឿងហាក់មើលស្រាលអាយុជីវិតដែលមកហូបចុកលើផ្លូវរថភ្លើងនោះ អ្នកប្រើប្រាស់បណ្តាញសង្គមក៏បានបញ្ចេញទស្សនៈរឿងការចោលសំរាមពាសវាលពាសកាល ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ផងដែរ។
ជុំវិញករណីខាងលេីនេះ បន្ទាប់ពីមានអ្នកអះអាងថា ទីតាំងខាងលើនេះស្ថិតនៅខេត្តកំពង់ឆ្នាំង លោក សូត្រ សង់ អភិបាលស្រុកទឹកផុស នៅរសៀលថ្ងៃចន្ទទី០៨ ខែសីហា ឆ្នាំ២០២២នេះដែរក៏បានបញ្ជាក់ប្រាប់អង្គភាពកាសែតនគរវត្ត និងនគរដ្រេហ្គន តាមបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា៖ ទិដ្ឋភាព និងរូបភាពនេះមិនមែនស្ថិតនៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំងនោះទេ។ ប៉ុន្តែគ្រាន់តែអ្នផុសនោះ គាត់ជាអ្នកកំពង់ឆ្នាំង មិនដឹងបានរូបភាពនេះពីណានោះទេ។
ដោយឡែកជុំវិញករណីនេះដែរ បេីតាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌពោធិសែនជ័យ បានឱ្យដឹងនៅថ្ងៃទី០៨ ខែសីហានេះដែរថា៖ រូបភាពនេះគឺស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ក្នុងខណ្ឌពោធិ៍សែនជ័យ កន្លងទៅអាជ្ញាធរធ្លាប់ដេញមិនឱ្យមានការលក់ដូរនោះទេ តែក្រុមអាជីវករលក់ដូរចល័តទាំងអស់នោះ មិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធរឡេីយ។ អាជ្ញាធរ បាននិយាយបន្ថែមថា បច្ចុប្បន្ននេះមិនមែនការលក់ដូរទៀតនោះទេ ព្រោះកម្លាំងប្រជាការពារដាក់ប្រចាំការនៅគោលដៅនោះ៕
ដោយ៖ចន្ថា និងសុខា ពោធិ៍សែនជ័យ