ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ដ្រី វេង សាខុន អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃដដែល អញ្ជើញចេញពីកម្មវិធីនៅស្រុកពញាក្រែក លោករដ្ឋមន្ដ្រី វេង សាខុន បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រមកកាន់ខេត្តស្ទឹងត្រែងដើម្បីចូលរួមធ្វើ ជាអធិបតីជាមួយលោកស្រី Maryam Salim (នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា) និងលោក ស្វាយ សំអ៊ាង អភិបាលនៃគណអភិបាលខេត្តស្ទឹងត្រែង ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង។ ក្នុងពិធីជាប្រវត្តសាស្រ្តនេះ ក៏មានវត្តមានលោក លោកស្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោក  លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សិស្សានុសិស្ស  និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។           

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ដ្រីបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តស្ទឹង ត្រែង ដែលបានចូលរួម និងផ្តល់កិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការអភិវឌ្ឍវិស័យកសិកម្មទទួលបានលទ្ធផលគួរជាទីមោទន ដូចដែលឯកឧត្តមអភិបាលខេត្តបានរាយការណ៍ជូនអង្គពិធីជ្រាបខាងដើម។ លោកក៏បានថ្លែង អំណរគុណចំពោះលោកស្រី Maryam Salim ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ជាសក្ខីភាព ធនាគារពិភពលោកបានគាំទ្រដល់ការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ដំណាក់កាលទី៣ សមាសភាគទី១ នៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ លោកបានលើកឡើងថាការកសាងមជ្ឈមណ្ឌលនេះ ស្របពេលដែលរដ្ឋបាលជលផលត្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្មនៅភូមិភាគឦសានមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌល គិរី រតនគិរី និងខេត្តព្រះវិហារ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦- ២០៣០ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ផងដែរ។ 

ក្នុងស្ថានភាពដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារ ដោយសារសង្គ្រាមរវាង រស្សី-អ៊ុយក្រែន មជ្ឈមណ្ឌលនេះ ប្រាកដជានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ធានាសុវត្ថិភាពស្បៀង តាមរយ:ការចិញ្ចឹមត្រីជាលក្ខណគ្រួសារ និងការធ្វើវារីវប្បកម្មដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុង និងក្រៅតំបន់។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលនឹងដើរតួនាទីផលិត និងផ្សព្វផ្សាយពូជវារីសត្វ ជាកន្លែងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម កន្លែងបង្កាត់ និងអភិរក្សពូជវារីសត្វ ឆ្លើយតបបានទាន់ពេលវេលា និងតម្រូវការជាចាំបាច់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានជលផលនៅតំបន់ទន្លេមេគង្គលើឱ្យបានកាន់តែប្រសើរឡើង។ លោករដ្ឋមន្ដ្រីសងឹ្ឃម និងជឿជាក់យ៉ាងមុតមាំថាមជ្ឈ មណ្ឌលនេះនឹងបំពេញតួនាទីជាសេនាធិការផ្សព្វផ្សាយបច្ចេកទេស និងពូជវារីសត្វរបស់រដ្ឋបាលជលផលថ្នាក់តំបន់ក្នុងភូមិភាគឦសាន ហើយរំពឹងថានាពេលអនាគតដ៏ខ្លីអនុវិស័យវារីវប្បកម្មនៅតំបន់នេះនឹងមានការអភិវឌ្ឍបានដល់គ្រប់មូលដ្ឋាន និងធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនជនជាតិភាគតិចនឹងត្រូវបានលើក កម្ពស់ឲ្យកាន់តែល្អប្រសើរជាលំដាប់ និងរក្សា ការពារ និងបង្កើតពូជត្រីកម្រ និងជិតផុតពូជឲ្យមានក្នុងអាង បឹង ស្ទឹង និងទន្លេ នៅទូទាំងតំបន់នេះឡើងវិញ។ 

ដើម្បីឲ្យផែនការសកម្មភាពនៃការអភិវឌ្ឍវារីវប្បកម្មនៅភូមិភាគឦសាន តាមរយ: មជ្ឈមណ្ឌលនេះ លោករដ្ឋមន្ដ្រីបានសំណូមពរឲ្យធនាគារពិភពលោក អាជ្ញាធរខេត្ត ស្រុក កងកំលាំងទាំងបី ក្រសួង ស្ថាប័នពាក់ព័ន្ធមេត្តាបន្តជួយផ្តល់កិច្ចសហការដើម្បីឲ្យមជ្ឈមណ្ឌលដំណើរការមុខងាររបស់ខ្លួនប្រកបដោយនិរន្តរភាព និងទទួលបានជោគ ជ័យដូចដែលយើងគ្រោងទុក។ ដោយឡែក រដ្ឋបាលជលផល នាយកដ្ឋានជំនាញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ ឯកឧត្តមរដ្ឋមន្ដ្រីបានផ្តល់អនុសាសន៍គន្លឹះមួយចំនួនយកទៅគិតគូ ពិចារណា និងអនុវត្តឲ្យបានសមស្រប ទាន់ ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទាញយកប្រយោជន៍ជូនប្រជាជនរស់នៅតំបន់នេះឲ្យអស់ពីសមត្ថភាពនៃមជ្ឈមណ្ឌល។ 

យោងលើរបាយការណ៍របស់លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានឲ្យដឹងថានៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានសម្រេចទទួលយកប្រាក់កម្ចីពីធនាគារពិភពលោក ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងស្តីពី “ការគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ” ដំណាក់កាលទី៣ ក្នុងនោះរដ្ឋបាលជល ផលទទួលអនុវត្តសមាសភាគទី១ ផ្តោតលើការគ្រប់គ្រងធនធានជលផល និងវារីសត្វ នៅភូមិភាគឦសាន ហើយសមិទ្ធផលដែលនឹងដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះគឺជាផ្នែកមួយនៃគម្រោងដែលបានអនុវត្តក្នុងរយៈពេលកន្លងមក។ 

សាវតានៃទីតាំងមជ្ឈមណ្ឌល÷ ដើមឡើយកន្លែងនេះស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ Indo-China អនុវត្តកម្មវិធីគាំទ្រដល់អតីតៈយុទ្ធជនពិការ តាមរយៈការស្តារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានការធ្វើសិប្បកម្ម ការដាំដុះ ការចិញ្ចឹមសត្វ និងត្រី។បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់ទីតាំងដីនេះត្រូវបានផ្ទេរជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងវិញ។ ដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រី និងការគាំទ្រ  ថវិការពីគម្រោងខាងលើ មជ្ឈមណ្ឌលស្ថិតក្នុងភូមិបាដើម ឃុំសាមឃួយ ស្រុកសេ សាន ចាប់ផ្តើមសាងសង់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០និងបានបញ្ចប់នៅថ្ងែទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្ទៃដីសរុប ១០,៤ហិកតា ចំណាយថវិកាសរុបចំនួន ១ ៧៥០ ២៥២ដុល្លារអាមេរិក។ 

មជ្ឈមណ្ឌលមានស្រះសរុបចំនួន ២៤ ក្នុងនោះស្រះស្តុកទឹកធំ ១ ស្រះកូនត្រី ១២ ស្រះបំប៉នត្រីសាច់ ៤ ស្រះត្រីមេពូជ ៦ ស្រះចម្រោះទឹកកខ្វក់ និងផ្ទុកកាកសំណល់ ១ និងមានប្រព័ន្ធប្រឡាយបញ្ចេញ-បញ្ចូលទឺក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មាន អគារសម្រាប់ការងារពិសោធន៍ស្រាវជ្រាវ បណ្តុះបណ្តាល ការិយាល័យ បណ្ណាល័យ អាងបង្កាត់-ភ្ញាស់ និងថែបំប៉នកូនត្រីពូជ ៦ អគារស្នាក់នៅមន្ត្រីរាជការ និស្សិត និងកម្មករ ឃ្លាំងស្តុកសម្ភារ ចំណី រោងម៉ាស៊ីនភ្លើង ប្រព័ន្ធផ្លូវបេតុង និងបណ្តាញអគ្គិសនី ចំណតរថយន្ត របង រោងយាម និងអណ្តូងទឹកស្អាត។ មជ្ឈមណ្ឌលមានការិយាល័យចំនួន៣ គឺការិយាល័យរដ្ឋបាល ការិយាល័យបច្ចេកទេសវារីវប្បកម្ម និងការិយាល័យស្រាវជ្រាវនិងមន្ទីរពិសោធន៍៕

ដោយ ៖ សិលា


ចែករំលែក៖