ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បត៍ទី១១ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រី វេង សាខុន និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ។លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានជួយលើកស្ទួយវិស័យកសិកម្មកម្ពុជា និងប្រែក្លាយកម្ពុជាពីប្រទេសដែលខ្វះអង្ករហូបទៅជាប្រទេសដែលមានអតិរេកអង្ករ និងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិដែលមានគុណភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់អង្ករល្អលេខ១លើកពិភពលោក៣ឆ្នាំជាប់គ្នាផងដែរ។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីក៏បានស្នើសុំអោយភាគីអូស្ត្រាលីជួយពិនិត្យនិងគាំទ្រជំរុញកិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងក្នុងស្រុក និងក្រៅប្រទេសដើម្បីបង្កើតជាក្រុមហ៊ុនផលិតពូជស្រូវចែកចាយជូនកសិករនៅទូទាំងប្រទេស ក្រោយពេលដែលវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានផលិតពូជគ្រឹះរួចហើយនោះ, ស្នើបង្កើតកម្មវិធីកម្មសិក្សាសម្រាប់និស្សិតកសិកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសផ្សេងទៀតរួមទាំងការកែច្នៃផលិតផលកសិកម្មផងដែរ សម្រាប់គម្រោងកម្មវិធីថ្មី ដែលនឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅចុងឆ្នាំ២០២២ខាងមុខនេះ។
ចំពោះគម្រោងកិច្ចសហប្រតិបត្តិការថ្មី លោករដ្ឋមន្ត្រី សង្ឃឹមថា គម្រោងថ្មីស្តីពីភាពជាដៃគូកម្ពុជា-អូស្ត្រាលីដើម្បីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (Cambodia-Australia Partnership for Resilience Economic Development) នឹងជួយជំរុញវិស័យកសិកម្មកម្ពុជាអោយរីកចម្រើនកាន់ខ្លាំងថែមទៀត។
បន្ទាប់មក លោក Pablo Kang ឯកអគ្គរដ្ឋទូត ក៏បានប្រគល់រថយន្តដែលបានប្រើប្រាស់ក្នុងគម្រោង CAVAC Phase 2 ចំនួន៤ គ្រឿងទៅអោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា CARDI ដើម្បីយកប្រើប្រាស់ក្នុងការស្រាវជ្រាវបន្តទៀត ៕
ដោយ ៖ សិលា