ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំអំពីការដំឡើងប្រាក់បៀវត្សគោលរបស់កម្មករកម្មការិនីត្រូវបានចាប់ផ្ដើមហើយនៅព្រឹកនេះ

ចែករំលែក៖

ភ្នំពេញ៖ ការរង់ចាំអំពីថាតើឆ្នាំនេះប្រាក់បៀវត្សគោលរបស់កម្មករកម្មការិនីនៅតាមបណ្ដារោងចក្រសហគ្រាសនឹងត្រូវបានតំឡើងប៉ុន្មានទៀតនោះ?ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ លើកទី២ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

លោកអុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមា អញ្ជើញជាអធិបតីនៃកិច្ចប្រជុំនេះនិងមានការអញ្ជើញចូលរួមតំណាងកម្មករ និយោជិត ភាគីសហជីព តំណាងនិយោជក សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ភាគីរដ្ឋាភិបាល និងមន្រ្តីក្រុម ប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សរុបចំនួនប្រមាណ ៥០នាក់ ដើម្បីស្តាប់បទបង្ហាញអំពីការធ្វើបច្ចុប្បន្នភាពស្ថិតិនៃលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច និងសង្គម ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា ដោយលោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងការពិភាក្សារបស់សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ពិនិត្យ និងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

លោក អុិត សំហេង មានប្រសាសន៍បើកកិច្ចប្រជុំនោះថា កិច្ចប្រជុំថ្ងៃនេះ នឹងពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និងជាលក្ខណៈទ្វេភាគី បន្ទាប់មកនឹងចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈត្រីភាគីបន្តទៀត។ លោករដ្ឋមន្ត្រីបានបន្តថា កិច្ចប្រជុំនេះដែរ គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថាន ភាពគ្រួសារ,អាត្រាអតិផរណា និងការចំណាយក្នុងការ រស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងការងារបានបន្តថា គ្រប់ភាគីទាំង អស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យា សាស្រ្តដោយយោងលើលក្ខណៈវិនិច្ឆ័យទាំង៧ ដូច ដែលបានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២នេះ ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១៩៤ដុល្លារអាមេរិក ក្នុង១ខែៗ។ ដោយឡែកនៅឆ្នាំនេះបើតាមក្រុមសហជីពមានបំណងស្នើសុំថវិកាប្រមាណ ២០ដុល្លារបន្ថែមសម្រាប់១ខែ៕

ដោយ៖ សូរិយា


ចែករំលែក៖