ព័ត៌មានទាន់ហេតុការណ៍៖

សាច់ញាតិជនសង្ស័យជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចស្រុកទ្រាំងចាប់បានចោទអធិការរងស្រុកយកលុយ ១៥០០ដុល្លារដើម្បីដោះលែង

ចែករំលែក៖

ខេត្តតាកែវ ៖ ប្រភពព័ត៌មានរាយការណ៍ថា កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៤និង០០នាទីកណ្តាលអធ្រាត្រ កម្លាំងប្រចាំការនៅគោលដៅគល់ស្ពានខាងលិចភ្នំសន្លុង ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះជនសង្ស័យម្នាក់មានដីកាតាមចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។ 

   តាមប្រភពច្បាស់ការណ៍មួយបានបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានគេស្គាល់ឈ្មោះ ឡុង ហាក់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ មានដីកាតាមចាប់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ដោយឡែកជនសង្ស័យម្នាក់ទៀតមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះមិនមានជាប់ពាក់ព័ន្ធសមត្ថកិច្ចក៏បានដោះលែងវិញភ្លាមៗ។

ប្រភពដដែលបានបន្តទៀតថា ក្រោយការឃាត់ខ្លួនជនសង្ស័យ ប្រពន្ធជននេះបានរត់រកលុយអ្នកជិតខាងទាំងយប់យកទៅឱ្យលោក ប៉ាត ម៉ាត អធិការរងទទួលបន្ទុកគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីឱ្យដោះលែងប្តីខ្លួនមកផ្ទះវិញ។ 

    ទីបំផុតជនសង្ស័យដែលចាប់តាមដីកានោះត្រូវបានដោះលែងនៅវេលាម៉ោង ១១ថ្ងៃត្រង់ថ្ងៃទី១៣ខែសីហាដោយសារការសូកប៉ាន់លុយ១៥០០ដុល្លារដែលលោកប៉ាត ម៉ាត យកជាថ្នូរនឹងការលុបដីកាចាប់ខ្លូនរបស់សាលាដំបូងខេត្តតាកែវ។ 

     ជុំវិញករណីខាងលើនេះ លោក ឃុត ភិន អធិការនគរបាលស្រុកទ្រាំងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ តាមរយៈការហៅទូរស័ព្ទថា កម្លាំងប្រចាំការគោលដៅគល់ស្ពានខាងលិចភ្នំសន្លុង ស្រុកទ្រាំង ពិតជាបានចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់មែននៅយប់ថ្ងៃទី១២ខែសីហា តែចាប់ច្រឡំ មិនមែនជនសង្ស័យឈ្មោះ ឡុង ហាក់ ដែលមានដីកាតាមចាប់ខ្លួននោះទេ ហើយក៏បិទទូរស័ព្ទទៅ។  

     មហាជនមានចម្ងល់ថា បើប៉ូលិសចាប់ច្រឡំ តើបុគ្គលដែលចាប់ច្រឡំនោះជានរណា? និងថា ហេតុអ្វីបានជាប្រពន្ធជនសង្ស័យឈ្មោះ ឡុង ហាក់ រត់រកលុយទាំងយប់ផ្អើលអ្នកស្រុក អ្នកភូមិដើម្បីយកទៅអធិការដ្ឋានស្រុកទ្រាំង?៕

ដោយ៖ សូរិយា


ចែករំលែក៖