ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីស្រាវជ្រាវ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសចំនួន០២រូប

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ថា បានឃាត់ខ្លួនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសចំនួន០២រូបមានជាអាទិ៍៖ ១-ឈ្មោះ សុខ ម៉េងហុង និង២-ឈ្មោះ លុយ តាំងឈួយ។

កងរាជអាវុធហត្ថ នឹងធ្វើសន្និសីទសារព័ត៌មាន អំពីរឿងនេះ នៅថ្ងៃស្អែក វេលាម៉ោង៩និង០០នាទី ថ្ងៃទី១៧ ខែសីហា នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

កងរាជអាវុធហត្ថ សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងគ្រួសារ របស់សពឈ្មោះ សួង ឌ័ន ជ្រាបថា ចាប់ពីថ្ងៃទី៩ ខែសីហា ក្រុមការងារចំពោះកិច្ចនៃ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះមកដល់ខេត្តកំពង់ធំ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតករណីប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) នៅ ចំណុចភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ហើយនឹងបិទបញ្ចប់ការស៊ើបអង្កេត ស្រាវជ្រាវនេះ។

សង្ខេបអំពីដំណើររឿង៖ កាលពីថ្ងៃទី០៧ ខែសីហា កងរាជអាវុធហត្ថខេត្តកំពង់ធំ បាន ចុះប្រតិបត្តិការ ប្រើប្រាស់កម្លាំងចំនួន១៣នាក់ មធ្យោបាយរថយន្ត២គ្រឿង ម៉ូតូ១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក សុខ ម៉េងហុង មុខងារជានាយការិយាល័យព្រហ្មទណ្ឌ, លោកអនុសេនីយ៍ឯក លុយ តាំងឈួយ មុខងារជាប្រធានអង្គភាពយុត្តិធម៌ និងមានការ សម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ដោយ បានឱ្យលោក ឃឿន សុលាភ ជាក្រឡាបញ្ជីនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចូលរួម ក្នុងកិច្ចប្រតិបត្តិការនោះផងដែរ។ កម្លាំងជំនាញនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្ត កំពង់ធំ បានឃាត់ខ្លួនមនុស្សចំនួន៤នាក់ និងចាប់យកវត្ថុតាងម៉ូតូចំនួន៦គ្រឿង ទូរទស្សន៍១ គ្រឿង CPUចំនួន១គ្រឿង បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ប៉ុន្តែក្នុង ពេលកំពុងធ្វើដំណើរតាមរថយន្តម៉ាក Toyota Sienna មានជនសង្ស័យម្នាក់ឈ្មោះ សួង ឌ័ន បានទទួលមរណភាព។ តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ មុន្នីឧត្តម ថា អ្នកជំងឺបានស្លាប់មុននឹងដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ សន្ទុក។

អំពីចំណាត់ការរបស់កងរាជអាវុធហត្ថ បានឃើញរបាយការណ៍របស់លោកឧត្តម សេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងបានឃើញគណនីហ្វេស ប៊ុកឈ្មោះ “Nearadey Din” បានបង្ហោះថា “07/08/22 ភូមិរូង ឃុំក្រ កំពង់ធំ ឈ្មោះសួង ឌ័ន អាយុ47ឆ្នាំវេលាម៉ោង5ល្ងាចគាត់មកពីប្រជុំវិញចៃដន្យភ្លៀងគាត់ក៏បានជ្រកភ្លៀងនៅតូបកាហ្វេមិនបានប៉ុន្មាន ស្រាប់តែមានប៉េអឹមចាប់លោកឪពុកខ្ញុំទៅសង្កត់ត្រង់ចំណុចករហូតគាត់ដក ដង្ហើមមិនចេញគាត់ក៏ស្រែកអោយគេយកទៅពេទ្យតែបែគិតថាពុកខ្ញុំយកលេសទៅវិញរហូត គាត់ផុតដង្ហើមលើឡាន អនុវត្តច្បាប់តែគ្មានទំនួលខុសត្រូវ អយុត្តិធម៌ណាស់សម្រាប់គ្រួសារ ខ្ញុំ ជួយរកយុត្តិធម៌អោយខ្ញុំផង (គាត់ជាមនុស្សស្លូតត្រង់ ស្រលាញ់គោរពអ្នកភូមិ អ្នកណាក៏ ស្រលាញ់ចូលចិត្តគាត់គ្រប់គ្នា គាត់ក៏មិនព្រមដោយគ្មានយុត្តិធម៌បែបនេះដូចគ្នា)”។ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចលេខ ១០២/២០២២ សសរ, ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើការត្រួតពិនិត្យ ស្រាវជ្រាវ នូវបាតុភាពមិនប្រក្រតី ក្នុងការប្រតិបត្តិតួនាទី ភារកិច្ចពាក់ព័ន្ធនឹងករណីយោធិននៃកងរាជ អាវុធហត្ថខេត្តកំពង់ធំ។

អំពីការអនុវត្តច្បាប់៖ ក្រោយពីក្រុមការងារចំពោះកិច្ច បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត តាមនីតិវិធីរួចមក ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានសុំគោលការណ៍ឃាត់ខ្លួនយោធិន កងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសចំនួន០២រូប មានជាអាទិ៍៖ ១-ឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ។ ២ ឈ្មោះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌។

កងរាជអាវុធហត្ថយើងខ្ញុំ នឹងធ្វើសន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃការស៊ើបអង្កេត ស្រាវជ្រាវករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) និងការស្លាប់ជនសង្ស័យ ម្នាក់ឈ្មោះ សួង ឌ័ន។ សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅព្រឹកវេលាម៉ោង៩និង០០ នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ទីកន្លែងសាលប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមគោរពអញ្ជើញអ្នកសារព័ត៌មានទាំងអស់ មេត្តាចូលរួមតាមការគួរ ដើម្បីទទួលបានព័ត៌មានពិត៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖