ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកមានកុមារ១៤,៣លាននាក់ឆ្លងកូវីដ-១៩

ចែករំលែក៖

នៅក្នុងរយៈពេល៤សប្តាហ៍កន្លងមកនេះ អាមេរិកមានករណីឆ្លងកូវីដ-១៩ ដល់ទៅជាង ៣៧០ពាន់នាក់ជាកុមារ។
តាមរបាយការណ៍របស់សមាគមមន្ទីរពេទ្យកុមារអាមេរិក AAP បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ខែសីហា នៅទូទាំងសហរដ្ឋអាមេរិកមានកុមារ ១៤,៣លាននាក់បានឆ្លងកូវីដ-១៩ ចាប់តាំងពីការផ្ទុះរហូតមកទល់ពេលនេះ។ ក្នុងរយៈពេលពីដើមឆ្នាំ ២០២២មកទល់ពេលនេះ អាមេរិកមានកុមារដល់ទៅ៦,៤លាននាក់ឆ្លងកូវីដ-១៩។
តាមការប្រកាសរបស់ AAP ចំណុចសំខាន់នាពេលនេះគឺការប្រមូលផ្តុំទិន្នន័យកូវីដ-១៩តាមក្រុមអាយុកុមារដើម្បីងាយស្រួលតាមដាន ។ ជាមួយគ្នានេះដែរ ទស្សនាវដ្តី Forbes នៅថ្ងៃទី១៥ខែសីហាបានផ្សព្វផ្សាយថា នេះជាឆ្នាំទីបីហើយដែលជំងឺកូវីដ-១៩ បានគំរាមកំហែងដល់វិស័យសុខាភិបាលអាមេរិក ក្នុងនោះមានកង្វះបុគ្គលិកសុខាភិបាលជាដើម។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ នៅអាមេរិកគេហទំព័រWorldometers នៅថ្ងៃពុធទី១៧ ខែសីហា ឆ្នាំ២០២២បានផ្សាយថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មនុស្ស៥៤,១៩០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ២៦២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះនាំឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់៩៤,៨៦៩,៩៣៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៦៣,០៨៧នាក់ និងជាសះស្បើយឡើងវិញសរុប ៩០.១៥លាននាក់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Getty Images/TTXVN


ចែករំលែក៖