ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុញ្ញាតឱ្យសមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក ឡេ ហាយជុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ។ 

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានសម្តែងនូវសេចក្តីរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាមិត្តភាព និងផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលឆ្នាំនេះជាខួបលើកទ ៥៥ឆ្នាំ នៃចំណងការទូតរវាងប្រទេសទាំងពីរ និងខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ របស់សម្តេចតេជោ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ 

លោក ឡេ ហាយជុង បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងនូវការកោតសសើរចំពោះកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេស ការគ្រប់គ្រងបានយ៉ាងល្អប្រសើរ ដែលឈានមុខគេក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងបានស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស និងបានគោរពជម្រាបជូនលោកជំទាវ ពីដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដើម្បីលើកស្ទួយទំនាក់ទំនង និងសាមគ្គីភាពរវាងបក្សនិងបក្ស រដ្ឋ ប្រជាជន និងប្រជាជនធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត ។

លោកស្រីជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក ក្នុងឱកាសនេះ ពិតជាមានសារៈសំខាន់ក្នុងការពង្រឹង និងពង្រីកនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែង រវាងគណបក្ស រដ្ឋាភិបាល ប្រជាជននៃប្រទេសយើងទាំងពីរ ក៏ដូចជា ការពង្រឹងនូវទំនាក់ទំនងនៃគណៈទាក់ទងរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។ 

លោកស្រីកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» គឺបានបង្ហាញអំពីទំនាក់ទំនងដ៏ល្អ មិនគ្រាន់តែនាំមកនូវការអភិវឌ្ឍប្រទេសទាំងពីរប៉ុណ្ណោះទេ គឺបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោកផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖