ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ជិះម៉ូតូ៣គ្រឿង ដែលជាមុខសញ្ញាឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវយ៉ាងសកម្មនោះ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ រាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដេញតាមប៉ផាប់ពភីងរហូតចាប់ខ្លួនបាន បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីស្ត្រី អ្នកដំណើរនៅត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ហើយព្យាយាមជិះម៉ូតូរត់គេច ត្រូវបានកម្លាំងប្រដេញតាមស្ទាក់ចាប់ខ្លួនបានម្នាក់នៅចំណុចភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបាននោះឈ្មោះ សេង សុវណ្ណឌី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកឯជនរងគ្រោះ ឈ្មោះ សេង សុខឡៃ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ក្រុមជនសង្ស័យមានគ្នា៣នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ហើយក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នានេះ ក្រុមជនសង្ស័យធ្វើសកម្មភាពឆក់ បានសម្រេចជាបន្តបន្ទាប់។ លុះនៅព្រឹកថ្ងៃកើតហេតុនេះ ជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ៣គ្រឿង គឺម៉ាកហុងដាឌ្រីម២គ្រឿង និងម៉ាកBeat មួយគ្រឿង បានធ្វើសកម្មភាពឆក់តាមផ្លូវ ៦០ម៉ែត្រ បានសម្រេចហើយព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងប្រដេញតាមចាប់ខ្លួន រហូតដល់ឃុំបារគូ ស្រុកកណ្តាលស្ទឹង ជនសង្ស័យម្នាក់បានផ្តួលម៉ូតូរត់ចូលក្នុងត្រពាំងទឹកទើបចាប់ខ្លួនបានម្នាក់ ដកហូតម៉ូតូម៉ាក Beat ពណ៌ក្រហមស ពាក់ស្លាកលេខ ភ្នំពេញ 1JP- 6254។
បន្ទាប់ពីចាប់ខ្លួនបាន ជនសង្ស័យម្នាក់ ខាងលើនេះ ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរចម្លើយ និងបន្តការស្រាវជ្រាវ ដើម្បីតាមចាប់បក្ខពួកបន្តទៀត៕
ដោយ៖ ភារ៉ា ដង្កោ