ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនដ្រាបើកបរក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវកោងរេចង្កូតធ្លាក់ផ្លូវក្រឡាប់ស្លាប់អ្នកបើកបរម្នាក់និងអ្នករួមដំណើរម្នាក់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ បុរស២នាក់ក្នុងចំណោម៥នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុកាណ៍គ្រោះថ្នាក់ចរាចណ៍ក្រឡាប់រថយន្តដែលបើកបរក្នុងល្បឿនលឿនហើយរេចង្កូតធ្លាក់ផ្លូវដោយខ្លួនឯង។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនេះបានកើតឡើងនៅវេលាម៉ោង២៣៖១៥នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នៅត្រង់ចំណុចហួសស្នាក់ការ៦៤ ចន្លោះគីឡូម៉ែត្រលេខ៧៨ និង៧៩ ដែលបើកក្នុងទិសដៅពីកើតទៅលិចលើផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

    រថយន្ដរងគ្រោះម៉ាកធុនដ្រា ពណ៌ស គ្មានស្លាកលេខ បើកក្នុងល្បឿនលឿនធ្វើឱ្យរេចង្កូតធ្លាក់ផ្លូវដោយខ្លួនឯងបណ្តាលឱ្យអ្នកបើកបរនិងអ្នករួមដំណើរស្លាប់។ ជនរងគ្រោះដែលស្លាប់នោះទី១-អ្នកបើកបរឈ្មោះ ទេព ស្រស់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។  ទី២-អ្នករួមដំណើរឈ្មោះ សួ សុវណ្ណថា ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិថ្មីកណ្ដាល ឃុំព្រះធាតុ ស្រុកអូររាំងឪខេត្តត្បូងឃ្មុំ មករស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ចំណែកអ្នករួមដំណើរផ្សេងទៀតរួមមាន៖

ទី១-ឈ្មោះ ខៀវ សារុំ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ទី២-ឈ្មោះ ស្រេង ផល្លី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ទី៣-ឈ្មោះ គុជ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែងក្នុង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អ្នកទាំង៣នាក់នេះមិនមានរងរបួសអ្វីទេ។

    ក្នុងហេតុការណ៍បណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារតែអ្នកបើកបរបើកក្នុងល្បឿនលឿនស្ថិតនៅលើកំណាត់ផ្លូវកោងធ្វើឱ្យបាត់បង់ម្ចាស់ការទើបរេចង្កូតធ្លាក់ផ្លូវហើយក្រឡាប់តែម្ដង។

     ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍បានចុះមកដល់ជួយធ្វើអន្តរាគមន៍ ដោយសាកសពទាំង០២នាក់បានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តទុកនៅកន្លែងកើតហេតុរង់ចាំរថយន្តស្ទូចមកស្ទូចយកទៅរក្សាទុក៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖