ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារបន្តបើកកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-កម្មការិនី

ចែករំលែក៖

ភ្នំពេញ៖ ដូចដែលការគ្រោងទុក ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងស្ថាប័នពាក់ព័ន្ធបានបន្តបើកកិច្ចប្រជុំដើម្បីជជែកពិភាក្សាអំពីបញ្ហាប្រាក់ឈ្នួលអប្បបរមារបស់កម្មករ,កម្មការិនី។ នៅមានកិច្ចប្រជុំច្រើនលើកទៀតមុននឹងឈានដល់ការព្រមព្រៀងផ្លូវការមួយដែលគេរំពឹងថាអាចនឹងចេញជាលទ្ធផលនៅអំឡុងចុងខែកញ្ញាឬនៅមុនរដូវភ្ជុំបិណ្ឌពេលខាងមុខ។

នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ ឆ្នាំ ទី២ ដើម្បីប្រមូលទិន្នន័យ និង​ព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ពិភាក្សា​ស្វែងរក​យន្តការ​ឯកភាព​មួយ ដែលនឹងលើកយកទៅពិភាក្សាគ្នានៅពេលក្រោយទៀត។ កិច្ចប្រជុំបានពិភាក្សាពីបញ្ហាបច្ចុប្បន្នភាពនៃស្ថានភាពរស់នៅរបស់កម្មករ,កម្មការិនីតាមបណ្ដារោងចក្រនានាពាក់ព័ន្ធនឹងបញ្ហាអតិផរណាជាមួយប្រាក់ឈ្នួលរបស់កម្មករ។

កិច្ចប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា ជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ នៅព្រឹកថ្ងៃនេះ ដឹក​នាំដោយលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និង​សមាជិក​ក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមា ដោយមាន​ការចូលរួមជាត្រីភាគី (មួយក្រុម​មាន ១៧​នាក់) រួមមាន ភាគីរដ្ឋាភិបាល ភាគីសហ ជីពតំណាងកម្មករនិយោជិត និងភាគីនិយោជក។ កិច្ច ពិភាក្សាបានជជែកវែកនិយាយយ៉ាងល្អិតល្អន់អំពីបញ្ហាបច្ចុប្បន្នភាពដែលជាស្ថានភាពនៃការរស់នៅរបស់កម្មករកម្មការិនីក្នុងបរិបទនៃជំងឺកូវីដ១៩នោះផង។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៧ កម្មករ​និយោជិត​ដែល​បំពេញ​ការ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​មាន​ចំនួន ៤៥ដុល្លារអាម៉េរិក និងកើនឡើងជាបន្តបន្ទាប់ចំនួន ១៩៤ដុល្លារអាម៉េរិក ក្នុង​មួយ​ខែ​។ គិតជាមធ្យម បូកទាំងប្រាក់ឈ្នួលអប្បបរមា ប្រាក់ថែមម៉ោងការងារ និងប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត កម្មករនិយោជិតក្នុងមួយនាក់ អាចទទួលប្រាក់ខែចន្លោះ ២៥០ទៅ៣០០ដុល្លារ ឬឈាន​ដល់​៣៥០ដុល្លារ នៅក្នុងមួយខែៗ។

គិតត្រឹមខែកក្កដា ឆ្នាំ២០២២ បច្ចុប្បន្នភាពសហគ្រាស គ្រឹះស្ថាន វិស័យ​កាត់ដេរ និងផលិតស្បែកជើង មានចំនួន ១ ១៨២ ស្មើ​នឹងកម្មករនិយោជិតសរុបចំនួនជាង ៨៣ម៉ឺននាក់៕

ដោយ៖ សូរិយា


ចែករំលែក៖