ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើសន្តិសុខយូរបែកគំនិតលួចម៉ូតូនិងទូរស័ព្ទដៃពីកន្លែងធ្វើការត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទទួលបានបណ្តឹងតាមរយៈលេខទូរស័ព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានរាយការណ៍មកថា មានករណីបុរសជាសន្តិសុខម្នាក់បានធ្វើសកម្មភាពលួច ម៉ូតូ០១គ្រឿង និងលួចទូរស័ព្ទដៃចំនួន០៣គ្រឿង ប្រព្រឹត្តទៅកាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅចំណុចអគារខុនដូលេខ៣៥ ផ្លូវលេខ៤៥៦កែងផ្លូវលេខ១២៣ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមនរួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បញ្ជាដោយផ្ទាល់ដល់ក្រុមការងារដែលមានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យឈ្មោះ រស់ ផល្លីដាលីន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាសន្តិសុខ ធ្វើការនិងស្នាក់នៅទីតាំងកើតហេតុខាងលើ កាលពីវេលាម៉ោង០៧និង២០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ៥២៨ កែងផ្លូវលេខ២៨៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាក Honda Today ពណ៌ផ្កាឈូក ពាក់ស្លាកលេខកំពង់ធំ 1M-0014  និងទូរស័ព្ទដៃចំនួន០៣គ្រឿង ដែលក្នុងនោះមាន ទូរស័ព្ទម៉ាក Realme ពណ៌ខៀវចំនួន០២គ្រឿង និង ម៉ាក iPhone 11pro ពណ៌ស្លែ០១គ្រឿង ប្រគល់ជូនជនរងគ្រោះវិញផងដែរ។

    ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿង និងទូរស័ព្ទដៃចំនួន០៣គ្រឿងពីកន្លែងខ្លួនធ្វើការប្រាកដមែន។

     ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖