ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបBMWបើកវ៉ាជែងទៅបុករបាំងថ្មបាក់អស់៣កង់ និងប៉ះឡំប្រឺតា ព្រមទាំងម៉ូតូ បណ្ដាលឱ្យរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក BMW បើកវ៉ាជែងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ រួចវេ គូទរថយន្តទៅប៉ះម៉ូតូ១គ្រឿងនិងឡំប្រឺតា១គ្រឿងទៀតរងការខូចខាត ព្រមទាំងបណ្ដាលឲ្យរបួសធ្ងន់២នាក់ ស្រាល២នាក់ ។

     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខសាលាដំបូងរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងមានម៉ូតូមួយគ្រឿងម៉ាក ហុងដា Zoomer X ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1FT-9928 ជិះដោយយុវជនម្នាក់ដឹកក្មេងស្រីម្នាក់ និងឡំប្រឺតាមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1IC-2275 បើកបរដោយបុរសម្នាក់ដឹកបុរសម្នាក់ជាជនជាតិបរទេស ធ្វើដំណើរស្របគ្នាជាមួយម៉ូតូ ។ ខណៈពេលនោះស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BJ-6680 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមក្រោយឡំប្រឺតានិងម៉ូតូ រួចវ៉ាជែងខាងឆ្វែងដៃយ៉ាងលឿននិងមិនប្រយ័ត្នបានបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួន៣កង់ ធ្វើឲ្យរថយន្តវេគូទមកប៉ះឡំប្រឺតា និងម៉ូតូ បណ្ដាលឲ្យដួលទៅចិញ្ចើមផ្លូវរងរបួសធ្ងន់២នាក់ ស្រាល២នាក់ ។

     ក្រោយកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់២នាក់ត្រូវបានសាច់ញាតិដឹកតាមរថយន្តបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ដោយឡែករថយន្តបង្ក និងឡំប្រឺតា ព្រមទាំងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមនីតិវិធី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖