ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីសម្រួលជីវភាពទុរគតជនដែលមានជំងឺរ៉ាំរ៉ៃចំនួន ១គ្រួសារ ក្នុង ឃុំអូររំដួល ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំព្រឹក

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដើម្បីជួយសម្រួលការលំបាករបស់ទុរគតជនដែលមានជំងឺរ៉ាំរ៉ៃ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែសីហាឆ្នាំ២០២២ នេះ លោក សុង សុភ័ក្រ្ត ប្រធានគណៈកម្មាធិការអនុសាខាស្រុកភ្នំព្រឹក  និងសហការី បាននាំយកអណោយមនុស្សធម៌របស់ អនុសាខាស្រុកផ្តល់ ជូនដល់គ្រួសារទុរគតជនដែលមានជំងឺរ៉ាំរ៉ៃចំនួន ១គ្រួសារ លោកយាយ ទូច បោះ អាយុ៨២ឆ្នាំ មានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

មានមតិសំណេះសំណាលនាពេលនោះ លោក សុង សុភ័ក្រ្តបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្តជាពិសេសពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ  ក្តីអាណិតស្រឡាញ់ការគិតគូរពីសុខទុក្ខ  និងជីវភាពរស់នៅប្រចាំថ្ងៃ  ហើយជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើង និងបានឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ មិនត្រូវឱ្យពលរដ្ឋណាម្នាក់ស្លាប់បាត់បង់ជីវិតដោយសារខ្វះស្បៀងអាហារនោះទេ។

លោកប្រធានអនុសាខាស្រុក  បានមានប្រសាសន៍បន្តថា” សូមឱ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះសុខភាព ព្រោះជាក់ស្តែងនារដូវភ្លៀងមានទឹកដក់មានដង្កូវទឹកបណ្តាលឱ្យកើតជាមូសខាំដល់កូនចៅ និងក្រុមគ្រួសារយើង បណ្តាលឱ្យកើតជំងឺផ្សេងៗ ដូច្នេះត្រូវគេងក្នុងមុង ពាក់ខោអាវឱ្យបានជិតល្អ រស់នៅស្អាត បរិស្ថានល្អ និងត្រូវបន្តលាងដៃនិងសាប៊ូ ជែល ឬអាល់កុល ធ្វើយ៉ាងណាដើម្បីបង្ការកុំឱ្យកើតជំងឺឆ្លងផ្សេងៗ។ 

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ៥០គីឡូ ទឹកត្រី ១យួរ ត្រីខ ២យួរ អំបិល ១យួរ ប៊ីចេង ១កន្ចប់ ស្ករស១គីឡូ ទឹកស៊ីអ៊ីវ ២យួរ និងថវិកា ចំនួន ៤៧ម៉ឺនរៀលផងដែរ ៕  

ដោយ ៖ សិលា


ចែករំលែក៖