ខេត្តបន្ទាយមានជ័យ ៖ «ចូលរួមជាមួយ ស.ស.យ.ក. គឺត្រូវការចិត្ត ដែលប្រកបដោយឆន្ទៈ ស្មារតី ហ៊ានលះបង់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពជួយសង្គមជាតិ»។ នេះជាប្រសាសន៍ លោក ហ៊ុន ម៉ានីថ្លែងទៅកាន់ប្អូនៗនិស្សិតជា សមាជិក សមាជិកា នៃសាកលវិទ្យល័យជាតិមានជ័យ សរុបចំនួន ៤២០ នាក់ នារសៀលថ្ងៃ ២៧ ខែសីហា ឆ្នាំ ២០២២ ។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ អមដំណើរដោយ លោក ស សុខា អនុប្រធានស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃស.ស.យ.ក. លោកសមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារយុវជនគ្រឹះស្ថានឧត្តមសិក្សាប្រចាំសាកលវិទ្យាល័យផងដែរ។
លោក សុខ ឃន ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យ និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមប្រធាន និងបានធ្វើការរាយការណ៍បង្ហាញពីសកម្មភាពដែលសម្រេចបាន និងផែនការសកម្មភាពដែលបានអនុវត្តកន្លងមករបស់សមាជិក សមាជិកា ស.ស.យ.ក. នៃសាកលវិទ្យាល័យជាតិមានជ័យ រួមទាំងធ្វើការប្តេជ្ញាចិត្តធ្វើយ៉ាងណាដើម្បីអោយ សមាជិក សមាជិកា ទទួលបានឱកាសរៀនសូត្រដើម្បីក្រេមជញ្ជក់ចំណេះដឹង បទពិសោធន៍ល្អៗ សម្រាប់កសាងផែនការជីវិត និងចូលរួមចំណែកក្នុងសកម្មភាពជួយសង្គមតាមកាលៈទេសៈជាក់ស្តែង។
ថ្លែងចែករំលែកជាមួយប្អូនៗជាសមាជិក សមាជិកា សសយក លោក ហ៊ុន ម៉ានី បានរំឭកអំពីបុព្វហេតុ និងប្រវត្តិនៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្វីដែលសមាជិកសមាជិកាគ្រប់រូបត្រូវប្រកាន់ខ្ជាប់ក្នុងការចូលរួមជួយសង្គម ដែលត្រូវការចិត្ត ដែលប្រកបដោយឆន្ទៈ ស្មារតី ហ៊ានលះបង់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពជួយសង្គមជាតិ។ លោកបានបន្ថែមថា បន្ទាប់ពីមានចិត្តចូលរួមជាមួយស.ស.យ.ក. មានឆន្ទៈ ក្នុងការជួយសង្គមរួចមក ការចូលរួមជាមួយ ស.ស.យ.ក. បានបណ្តុះបណ្តាលសមត្ថភាពយុវជនតាមរយៈការសិក្សារៀនសូត្រ និងឈ្វេងយល់ ការដកស្រង់បទពិសោធន៍ជាក់ស្តែង តាមរយៈការបង្កើនចំណេះដឹង និងការអនុវត្តផ្ទាល់ ជាពិសេសទៅទៀតនោះគឺការមានឱកាសធ្វើជាគំរូសម្រាប់អ្នកដទៃ តាមរយៈសកម្មភាពស្ម័គ្រចិត្ត កិច្ចការងារសង្គម ដែលសកម្មភាពទាំងនេះនឹងសាយភាយដល់យុវជនជំនាន់ក្រោយបន្ថែមទៀត។
សូមបញ្ជាក់ថា ក្នុងបេសកកម្មចុះពង្រឹងរចនាសម្ព័ន្ធចាត់តាំង គណៈប្រតិភូថ្នាក់កណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ លោក ហ៊ុន ម៉ានី អញ្ជើញជួបជាមួយសមាជិក សមាជិកា ក្នុងរចនាសម័្ពន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ ។ ដោយឡែកនៅថ្ងៃស្អែក គណៈប្រតិភូនឹងបន្តជួបរចនាសម្ព័ន្ធ ថ្នាក់ខេត្ត ក្រុង-ស្រុក និង ឃុំ-សង្កាត់នៃខេត្តបន្ទាយមានជ័យ ៕
ដោយ ៖ សិលា