ខេត្តកំពត ៖ បេីយោងតាមការបញ្ជាក់ពីលោកអ៊ឹង ប៉ោហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត បានថ្លែងឱ្យដឹងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងពលកម្មនៅខេត្តកំពត មានតម្រូវការកើនឡើង ខណៈដែលក្រុមហ៊ុន រោងចក្រ សហគ្រាស ជាង៣០០កន្លែង បានបើកដំណើរការឡើងវិញ ហើយបច្ចុប្បន្នក្រុមហ៊ុនមួយចំនួនកំពុងចាប់ផ្តើមជ្រើសរើសបុគ្គលិកបន្ថែម ប្រមាណ ១០ភាគរយទៀត។
លោកប្រធានមន្ទីររូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ នៅ៧ខែដើមឆ្នាំ២០២២នេះ កម្លាំងពលកម្មនៅខេត្តកំពត មានតម្រូវការកើនឡើង ១,៣១៥នាក់ បើធៀបនឹងឆ្នាំ២០២១ ដែលកម្លាំងពលកម្មចំនួន ២១,១១៦នាក់ ហើយកើនឡើងជាង៥០៦៥នាក់ បើប្រៀបធៀបនៅឆ្នាំ២០១៩ មុនផ្ទុះជំងឺកូវីដ១៩។
លោក អ៊ឹង ប៉ោហេង បានបន្ថែមថា តម្រូវការកម្លាំងពលកម្មនៅខេត្តកំពតនឹងបន្តកើនឡើងច្រើនទៀត ព្រោះបច្ចុច្បន្នក្រុមហ៊ុនជាច្រើនចាប់ផ្ដើម ប្រតិបត្តិការផលិតកម្មរបស់ខ្លួនឡើងវិញ ក្នុងនោះមានក្រុមហ៊ុនចំនួន ពិសេសលើវិស័យកាត់ដេរជាដើម ចាប់ផ្ដើមរើសបុគ្គលិកប្រមាណ ១០រយបន្ថែមទៀត។ លោកប្រធានមន្ទីរបានបញ្ជាក់ប្រាប់ដែរថា ប្រាក់ខែគោលរបស់បុគ្គលិកកម្មកររោងចក្រនានាក្នុងខេត្ត បានចំនួន ១៩៤ដុល្លារ។
លោកប្រធានមន្ទីររូបនេះ បានថ្លែងបន្តថា បច្ចុប្បន្ន ខេត្តកំពត មានក្រុមហ៊ុនរោងចក្រ សហគ្រាស សរុបចំនួន ៣៧៩កន្លែង មានកម្លាំងពលកម្មសរុប៖ ២២,៤៣១នាក់ (ស្រី១៣,៤១៣នាក់) ក្នុងនោះ វិស័យកាត់ដេរមាន ០៨ក្រុមហ៊ុន បុគ្គលិកសរុប ១១,០៩៦នាក់ ស្រី៩,២៨៩នាក់, វិស័យសំណង់ ២៦ក្រុមហ៊ុន បុគ្គលិកសរុប ២,៦២៨នាក់ ស្រី២៥៣នាក់ , វិស័យសេវាកម្សាន្ត១២១កន្លែង បុគ្គលិកសរុប ២,៧៧៩នាក់ ស្រី១,៥៣៩នាក់ , អាជីកម្មផ្សេងៗទៀត ចំនួន ២៤២កន្លែង មានបុគ្គលិកសរុប ៥,៩២៨នាក់ ស្រី២,៣៣០នាក់។ ហើយក្នុងចំណោមកម្លាំងពលកម្មសរុប ខេត្តកំពត ក៏មានបុគ្គលិកបរទេសសរុប ៨១៧នាក់ ស្រី ១៦០នាក់ផងដែរ ភាគច្រើនបម្រើការងារនៅលើវិស័យទេសចរណ៍ វិស័យកាត់ដេរ៕
ដោយ៖សហការី