ខេត្តព្រះវិហារ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃចន្ទទី២៩ ខែសីហា ឆ្នាំ២០២២នេះថា៖ មន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ បានស្នើឱ្យសហគមន៍កសិកម្មទាំង១២ ត្រូវធ្វើការដាំដុះស្វាយចន្ទី តាមគោលការណ៍បច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់ការបញ្ជា ទិញពីក្រុមហ៊ុនក្រៅប្រទេស។
ជាក់ស្ដែងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានគូសបញ្ជាក់ថា កាលពីពេលថ្មីៗនេះមានក្រុមហ៊ុនជប៉ុនចំនួន២ គឺក្រុមហ៊ុន កាំយ៉ា (Kamya) និងក្រុមហ៊ុនថបផ្លេននីង (Top planning) បានសន្យាទិញគ្រាប់ស្វាយចន្ទីស្រស់ប្រមាណជា១០០តោន ពីប្រជាកសិករ ជារៀងរាល់ឆ្នាំ ដើម្បីយកទៅច្នៃវេចខ្ចប់សម្រាប់នាំទៅទីផ្សារប្រទេសជប៉ុននិងអ៊ឺរ៉ុប ខណៈដែលការប្រមូលទិញនេះ នឹងត្រូវធ្វើឡើងនៅ រដូវប្រមូលផលក្នុងខែមីនា ដល់ ខែមេសា។
លោក ពឹង ទ្រីដា គូសបញ្ជាក់បន្ថែមថា៖ តាមរយៈកិច្ចសន្យាជាមួយក្រុមហ៊ុនទាំង២នេះ នឹងជួយដល់ជីវភាពកសិករក្នុងសហគមន៍ឱ្យកាន់តែប្រសើរថែមទៀត ខណៈដែលគ្រាប់ស្វាយចន្ទីស្រស់ ក្រុមហ៊ុនឱ្យតម្លៃ ៦៥០០រៀលក្នុងមួយគីឡូក្រាម។ តាមរយៈនេះដើម្បីឆ្លើយតបតាមកិច្ចសន្យាជាមួយក្រុមហ៊ុនជប៉ុន ក៏ដូចជាការបញ្ជាទិញពីបណ្តាប្រទេសមួយចំនួនទៀត លោកប្រធានមន្ទីរកសិកម្ម ក៏អំពាវនាវឱ្យសហគមន៍កសិកម្មទាំង១២ ត្រូវស្វែងរកពូជស្វាយចន្ទីដែល ល្អសម្រាប់ធ្វើការដាំដុះ រួមជាមួយនឹងការប្រើប្រាស់ជីសេរីរាង្គឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់ការនាំ ចេញទៅក្រៅប្រទេស។ «យើងមានកិច្ចសន្យា យើងមានតម្លៃល្អ អ៊ីចឹងធ្វើឱ្យបងប្អូនមានទំនុកចិត្ត ហើយបងប្អូនត្រូវខិតខំធ្វើការថែទាំ ទទួលនូវសេវាបច្ចេកទេសពីក្រុមហ៊ុន នៅពេលប្រមូល ក៏ដូចជាការថែទាំយ៉ាងម៉េចដើម្បីទទួលបានទិន្នផលខ្ពស់ ប្រើជីអ្វីខ្លះ ដើម្បីបានទិន្នផលល្អ ? ដូច្នេះនៅពេលខែប្រមូលផលផលិតផលរបស់ពួកគាត់ មិនបារម្ភថារដូវប្រមូលផលមិនមានឈ្មួញ ទម្លាក់ថ្លៃ អីជាដើម ហើយនេះគឺជាមោទនភាពមួយដែរ ក្រៅពីដំណាំស្រូវ ដំណាំដំឡូង ដោយស្វាយចន្ទីយើងនេះ បានធ្វើការនាំចេញ ព្រោះការនាំចេញនេះ ទាល់តែផលិតផលរបស់យើងនេះជាប់ស្តង់ដារបាននាំចេញបាន លំបាកណាស់ទម្រាំតែ គេវាយតម្លៃដូចស្រូវអ៊ីចឹងដែរ ទម្រាំតែវាយតម្លៃថា អង្ករព្រះវិហារជាអង្ករល្អស្តង់ដារនាំចេញទីផ្សារទៅបាន រហូតដល់យើងអាចធ្វើការនាំស្វាយចន្ទីបាន ដូច្នេះយើងត្រូវតែខិតខំពង្រីក ធ្វើយ៉ាងម៉េចគុណភាពឱ្យបានល្អបន្ថែមទៀត។»
លោកប្រធានមន្ទីរូបនេះ ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នខេត្តព្រះវិហារ មានផ្ទៃដីដាំដុះស្វាយចន្ទីជាង១ម៉ឺនហិកតា និងអាចផលិតគ្រាប់ស្វាយចន្ទីជាង១ម៉ឺនតោននាំទៅវៀតណាម ថៃ ចិន និងបណ្ដាប្រទេសមួយចំនួនទៀត។ មិនតែប៉ុណ្ណោះ ខេត្តព្រះវិហារ ក៏មានក្រុមហ៊ុនកែច្នៃមានលទ្ធភាពនាំចេញក្រៅប្រទេសចំនួនមួយ និងសិប្បកម្មខ្នាតតូចចំនួន៣ផងដែរ៕
ដោយ៖សហការី