ខេត្តកណ្ដាល៖ ត្រឹមរយៈពេលតែមួយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ក្នុងក្រុងតាខ្មៅមានគ្រោះថ្នាក់ចរាចរណ៍២ករណី បណ្ដាលឱ្យមនុស្សស្រី២នាក់រងរបួសធ្ងន់ និងមនុស្សប្រុសម្នាក់រងរបួសស្រាល។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា ករណីទី១កើតឡើងរវាងរថយន្តនឹងម៉ូតូ បណ្ដាលឱ្យស្ត្រីម្នាក់ឈ្មោះ នាង គៀន អាយុ៤៥ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (រងរបួសធ្ងន់) ជាអ្នកបើកបរម៉ូតូម៉ាកHONDA TODAY ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1DO-1345។ រីឯភាគីខាងរថយន្តឈ្មោះ ឡេង ណាំឆៀវ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ឃាត់ខ្លួន) ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង២៣និង៤០នាទី ត្រង់ចំណុចសួនច្បារមាត់ទន្លេ ផ្លូវ២១A ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ករណីទី២កើតឡើងរវាងម៉ូតូនឹងអ្នកថ្មើរជើង បណ្ដាលឱ្យស្ត្រីឈ្មោះ ថ្លាង ភី អាយុ៨២ឆ្នាំ មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ជាអ្នកថ្មើរជើងរងរបួសធ្ងន់ត្រូវបានសាច់ញ្ញាតិបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្សី) និងបុរសម្នាក់ឈ្មោះ ស៊ុំ សំហួត ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅបន្ទាយអង្គរក្ស ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ជាអ្នកបើកម៉ូតូម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CE-5080 របួសស្រាល)។ករណីនេះបានកើតឡើងនៅវេលាម៉ោង២០និង១០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចលើកំណាត់ផ្លូវបេតុង ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ចំពោះមធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ចជំនាញបានកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាង ជ័យ