តាមតួលេខថ្មីបំផុតរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) បានបញ្ជាក់ថា មានករណីកើតជំងឺអុតស្វាកើនឡើងដល់ទៅ១៧ពាន់នាក់ នៅទូទាំងសហរដ្ឋអាមេរិក។
តំបន់ដែលរងគ្រោះច្រើនជាងគេនោះគឺ ទីក្រុងញូវយ៉កមាន៣១២៤នាក់ ។ បន្ទាប់មកគឺរដ្ឋកាលីហ្វ័រនីញ៉ាមានករណីឆ្លង ៣២៩១នាក់ និងរដ្ឋផ្លរីដា មានមនុស្សឆ្លង១៧៣៩នាក់ …។ អាមេរិកគឺជាប្រទេសដែលមានករណីកើតជំងឺអុតស្វាច្រើនជាងគេ បំផុត។
អគ្គនាយក CDC អាមេរិក លោក Rochelle Walensky បានវាយតម្លៃថា បើទោះបីករណីកើតជំងឺអុតស្វាកើនឡើងនៅទូទាំងប្រទេសក្តី ប៉ុន្តែល្បឿននៃការឆ្លងដូចជាថយចុះជាងមុន។ ការប្រកាសខាងលើ ក្នុងពេលដែលអាមេរិកទទួលរងការថ្កោលទោសយ់ាងខ្លាំងពីការប្រតិកម្មយឺតយ៉ាវក្នុងការទប់ស្កាត់ការឆ្លងជំងឺអុតស្វា ក៏ដូចជាព្យាបាលឱ្យទាន់ពេលវេលា។
ក្នុងពេលជាមួយគ្នានេះដែរ នៅថ្ងៃទី២៩ខែសីហាក្រសួងសុខាភិបាលអាមេរិកបានឱ្យដឹងថា ប្រធានាធិបតីបៃឌិន បានចំណាយប្រាក់១១លានដុល្លារដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអុតស្វា JYNNEOS នៅចុងឆ្នាំនេះ៕ ដោយ ៖ ធីរីណា
រូបថត : TTXVN-VNA