ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា លើកទឹកចិត្តដល់មន្រ្តីណាដែលគោរពវិន័យ យកចិត្តទុកដាក់លើការងារ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីណាដែលគោរពវិន័យ ខិតខំបំពេញការងារ ដោយភាពទទួលខុសត្រូវ ឧស្សាហ៍ព្យាយាម គោរពពេលវេលា ត្រូវបានលើកទឹកចិត្ត…..មិនមែនលើកទឹកចិត្តជាលុយ ឬជាសម្ភារៈនោះទេ គឺលើកទឹកចិត្តទៅលើការផ្តល់តួនាទីការងារ  ព្រោះមន្ត្រីនោះហើយដែលធ្វើឱ្យអង្គភាពទទួលបានផ្លែផ្កា…! ។

     នេះជាប្រសាសន៍លើកឡើងរបស់លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣៩ អាណត្តិទី៣ របស់ ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា  ឆ្នាំ២០២២ នៅសាលប្រជុំសាលាខណ្ឌ ក្រោមវត្តមានលោកអ៊ំ ម៉ារ៉េច ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សារាជធានី២រូប   លោក-លោកស្រីជាចៅសង្កាត់ទាំ៨  សមាជិកក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីគ្រប់ការិយាល័យ ។

    នៅក្នុងកិច្ចប្រជុំនេះដែរលោកអភិបាលក៏បានជម្រាបជូនដល់ក្រុមប្រឹក្សានូវផែនការសម្រាប់អនុវត្តបន្តទៀត

    ទី១-ជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ត្រូវអនុវត្តគោលនយោបាយ “ ឃុំ-សង្កាត់ មានសុវត្ថិភាព  “ ដែលមាន៧ចំណុចឱ្យមានប្រសិទ្ធ ដើម្បីផ្តល់ក្តីសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

   ទី២-ស្នើឱ្យកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់តាមដានជាប្រចាំទៅស្ថានភាពអាកាសធាតុនិងស្ថានភាពទឹកទន្លេ ទឹកភ្លៀង  ព្រោះតំបន់មួយចំនួនងាយរងគ្រោះដោយជំនន់ទឹកភ្លៀងដូចជានៅសង្កាត់ព្រែកឯង  សង្កាត់វាលស្បូវ  សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី ជាដើម ។

   ទី៣-ស្នើឱ្យលោក-លោកស្រី ជាចៅសង្កាត់ទាំង៨ ត្រូវធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋអោយមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជម្រុញអោយបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក. ព្រោះវ៉ាក់សាំងនេះមានសារៈសំខាន់ណាស់ក្នុងការការពារសុខភាពបងប្អូនប្រជាពលរដ្ឋជៀសពីជំងឺកូវីដ-១៩ មួយផ្នែកទៀតត្រូវអនុវត្តនូវវិធានការ ៣ការពារ ៣កុំ  ជាប្រចាំទើបជៀសផុតពីជំងឺកូវីដ-១៩ ៕

ដោយ ៖ សណ្តោស


ចែករំលែក៖