ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងចំនួន៣ជួបប្រជុំជាមួយផលិតកម្មមហាហង្សក្រោយផលិតកម្មនេះផលិតកម្មវិធីរងការរិះគន់ខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឱ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈពិនិត្យលើការប្រកួតកម្មវិធីកញ្ញាឯកMiss Grand Cambodiaមក ពេលនេះក្រសួងចំនួន៣បានជួបប្រជុំជាមួយផលិតកម្មមហាហង្សហើយ។ ការប្រជុំនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២២ ដោយមានមន្ត្រីក្រសួងពាក់ព័ន្ធចំនួន៣ មានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ , ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន។ 

    ការប្រជុំនេះដែរគឺក្រោយពីកម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំមួយនេះបានបង្កើតឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ព្រោះតែការស្លៀកពាក់សិចស៊ីជ្រុលហួសហេតុពេក និងករណីនៃការប្រើប្រាស់ឈុតតំណាងក្រុងប៉ោយប៉ែត និងក្រុងបាវិត បានយករូបភាពល្បែងបៀ និងអាប៉ោងមកបង្ហាញនៅលើឆាកនោះ។ 

  គេចាំបានដែរថា លេចចេញនូវករណីធំៗមួយចំនួនដែលកម្មវិធី Miss Grand Cambodia 2022 រងការរិះគន់ខ្លាំងៗពីទស្សនិកជនមានដូចជាការបង្ហាញឈុតបៀ និងអាប៉ោងដែលគ្រងដោយបេក្ខនារីតំណាងក្រុងប៉ោយប៉ែត និងក្រុងបាវិត។ ការលេចចេញនូវការរិះគន់ខ្លាំងៗលើឈុតទាំងពីរនេះនៅក្នុងវគ្គប្រកួតឈុតតំណាងជាតិ ព្រោះតែឈុតនេះត្រូវបានបង្ហាញនៅពីមុខផ្ទាំងរូបភាពប្រាសាទអង្គរវត្តដែលជាដួងព្រលឹងជាតិ  ហើយបេក្ខជនក៏ជាអ្នកតំណាងឱ្យក្រុងទាំងពីរ ដែលគួរណាស់តែលើកយកពីសិល្បៈវប្បធម៌ គួរជាទីមោទកសម្រាប់ក្រុងទាំងពីរខាងលើបែរជាបង្ហាញពីឯកសណ្ឋានបុគ្គលិកាស៊ីណូកាន់បៀនិងអាប៉ោងទៅវិញ ដែលករណីនេះធ្វើឱ្យទស្សនិកជនជាច្រើនស្នើឱ្យស្ថាប័នពាក់ព័ន្ធធ្វើការត្រួតពិនិត្យ ក្នុងនោះក៏លេចចេញនូវប្រតិកម្មពីសំណាក់មន្ត្រី ប្រជាពលរដ្ឋនៃក្រុងទាំងពីរនោះផងដែរ។       

ទន្ទឹមគ្នានេះកម្មវិធីក៏បានលេចចេញនូវការរិះគន់យ៉ាងខ្លាំងទៅលើបេក្ខជនមកពីខេត្តស្ទឹងត្រែងដែលស្លៀកឈុតរាត្រីសមោសររហូតលេចចេញតំបន់ អាថ៌កំបាំងនៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ ដែលជាវគ្គប្រកួតបឋម។ បើទោះបីជានាងបានស្លៀកខោក្នុងដែលមានពណ៌ស្រដៀងគ្នានឹងសាច់ក្តី ក៏នៅតែទើសភ្នែកមហាជនដែរ ព្រោះជារូបភាពសិចស៊ីបញ្ចេញកេរ្តិ៍ខ្មាសខ្លាំងហួសហេតុពេក៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖