ខេត្តសៀមរាប៖ បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០២ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ មនុស្ស៦នាក់ដែលជាតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកមិញនេះ បន្ទាប់ពីក្រុមគាត់បានបំពានកិច្ចសន្យា និងធ្វើសកម្មភាពប្រឆាំងអ្នករាជការសាធារណៈ ដោយមិនស្ដាប់តាមការណែនាំ និងមានការបង្ខាំងមនុស្សមិនឱ្យចាកចេញពីចម្ការលោក ខឹម វាសនា ដែលស្ថិតនៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រូបនេះបានឱ្យដឹងទៀតថា ដំបូងឡើយអ្នកទាំង៦នាក់នោះបានចាកចេញពីដីចម្ការហើយស្រាប់តែព្យាយាមចូលទៅវិញ ក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចមិនឱ្យចូល ក៏ធ្វើសកម្មភាពជេរប្រមាថមកលើសមត្ថកិច្ចតែម្តង។
លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានគូសបញ្ជាក់ថា៖ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនស្ត្រីទាំង៦រូបនេះទៅតុលាការខេត្តសៀមរាបពីបទ «ប្រឆាំងអ្នករាជការសាធារណៈ» និងបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ» តាមមាត្រា ៥០៤ និង៥០៥នៃក្រមព្រហ្មទណ្ឌ៕
ដោយ៖សហការី