ខេត្តបន្ទាយមានជ័យ៖ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងនគរបាលក្រុងសិរីសោភ័ណបានចុះជួយច្រូតស្រូវពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានចាត់តាំង លោក វរសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងអធិការក្រុងសិរីសោភ័ណ កម្លាំងកងអនុសេនាតូចរថគ្រោះ រថពាសដែក និងកម្លាំងគណៈបញ្ជាការឯកភាពក្រុង ដែលដឹកនាំដោយ លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ចុះជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ឈ្មោះ ង៉ែត សុខ ភេទប្រុស អាយុ ៦៣ឆ្នាំ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ នាយសេនាធិការរង បានឱ្យដឹងថា ការចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅពេលនេះ មិនមែនជាលើកទី១ទេ អង្គភាពតែងចុះជួយពួកគាត់ជារៀងរាល់ឆ្នាំ។
លោកចាត់ទុកថា សកម្មភាពនេះជាការផ្សាភ្ជាប់រវាង កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ នៅជុំវិញតំបន់ឈរជើង ជាក់ស្តែងនៅថ្ងៃនេះដែរកម្លាំងយើងបានសម្រេចលទ្ធផលប្រមូលផលបានលើទំហំដី ចំនួន ០៧រ៉ៃ។
ក្នុងនាម លោកនាយសេនាធិការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ក៏ដូចជាកងកម្លាំងទាំងអស់មានចិត្តសប្បាយរីករាយក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលបានសម្រាលបន្ទុក ទាំងកម្លាំងពលកម្ម និងជួយកាត់បន្ថយការចំណាយមួយផ្នែករបស់ពួកគាត់ផងដែរ។
ម្ចាស់ស្រែពិតជាមានភាពសប្បាយរីករាយ ដោយបានឃើញកងកម្លាំងចុះជួយទាន់ពេលវេលា ដែលអាចឱ្យពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រមូលផលទុកសម្រាប់ហូបផង លក់ខ្លះបានថវិកាសម្រាប់ធ្វើឡើងវិញពេលទឹកជំនន់ស្រកចុះ។ ឆ្លៀតក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក៏បានថ្លែងអំណរគុណជូនចំពោះលោក មេបញ្ជាការ កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលតែងតែយកចិត្តទុកដាក់ចាត់តាំងកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗគ្រប់កាលៈទេសៈ ស័ក្តិសមជាកងទ័ពនៃកងយោធពលខេមរភូមិន្ទ ពិតប្រាកដមែន៕
ដោយ ៖ វណ្ណា