ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ក្នុងដំណើរទស្សនកិច្ច នៅវៀតណាមបានអញ្ជើញជួបប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ ដើម្បីទទួលបទពិសោធន៍ពីការអភិវឌ្ឍរដ្ឋធានីហាណូយ

ចែករំលែក៖

ហាណូយ ៖ នៅរសៀលថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសម្តែងការគួរសមជាមួយលោក ជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកនិងប្រតិភូរាជធានីភ្នំពេញនៅរដ្ឋធានីហាណូយ ដើម្បីទទួលយកបទពិសោធន៍ក្នុងការកសាងនិងអភិវឌ្ឍរីកចម្រើននៃរដ្ឋធានីហាណូយ។

លោក ជិន ស៊ីថាញ់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូទីក្រុងភ្នំពេញដែលដំណើរទស្សនកិច្ចនេះចំពេលខួបគម្រប់៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាមនឹងកម្ពុជា។ 

លោកអភិបាលទីក្រុងហាណូយ ក៏បានជម្រាបជូនលោក ឃួង ស្រេង និងប្រតិភូផងដែរពីការបើកដំណើរការទីក្រុងហាណូយឡើងវិញនៅដំណាក់កាល៩ខែ ចុងក្រោយ ក្រោយពីបិទខ្ទប់ទាំងស្រុងនាពេលរីករាលដាលជំងឺកូវីដ-១៩នាពេលកន្លងទៅ ដែលបានធ្វើឱ្យទីក្រុងមានសកម្មភាពជាប្រក្រតីឡើងវិញ និងរីកចម្រើនលើផ្នែកសេដ្ឋកិច្ចសង្គម។      លោក ជិន ស៊ីថាញ់ បានលើកឡើងពីការដាក់ចេញនូវផែនការអភិវឌ្ឍន៍ទីក្រុងហាណូយពីឆ្នាំ២០៣០ដល់ឆ្នាំ២០៤៥ឱ្យក្លាយជាទីក្រុងវៃឆ្លាត(Smart city) ដោយផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមដូចនៅរាជធានីភ្នំពេញដែរ ព្រោះនៅពេលទីក្រុងរីកចម្រើនគឺតែងតែជួបបញ្ហាប្រឈមដែលមានដូចជា៖ កកស្ទះចរាចរណ៍, បញ្ហាកាកសំណល់,ទឹកកខ្វក់និងទឹកលិចដោយ សារជំនន់ទឹកភ្លៀងផងដែរ។ ជាមួយគ្នានេះ រដ្ឋធានីហាណួយនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋនឹងរដ្ឋ, ប្រជាជននឹងប្រជាជននៃទីក្រុងទាំង២ ហាណូយ-ភ្នំពេញឱ្យកាន់តែរឹងមាំថែមទៀត។

លោក ឃួង ស្រេង បានសម្តែងក្តីរីករាយដែលថ្នាក់ដឹកនាំទីក្រុងហាណូយ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅរាក់ទាក់ចំពោះប្រតិភូរាជធានីភ្នំពេញនាពេលនេះ។

លោកអភិបាលរាជធានីភ្នំពេញ និងអភិបាលទីក្រុងហាណូយបានឯកភាពគ្នា ទៅលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាវិស័យអប់រំ,ទេសចរណ៍, វប្បធម៌, សុខាភិបាល, សេដ្ឋកិច្ច, ពាណិជ្ជកម្មជាដើម និងឯកភាពលើការបន្តផ្លាស់ប្តូរគណៈប្រតិភូរវាងទីក្រុងទាំង២ឱ្យបានញឹកញាប់តាមដែលអាចធ្វើបាន។

លោក ឃួង ស្រេង បានថ្លែងអំណរគុណដល់ប្រជាជននិងថ្នាក់ដឹកនាំទីក្រុងហាណូយដែលបានជួយដល់រាជធានីភ្នំពេញទាំងទឹកចិត្ត, ថវិកា និងសម្ភារជាបន្តបន្ទាប់ក្នុងបុព្វហេតុអភិវឌ្ឍន៍រាជធានីភ្នំពេញក្នុងនាមទីក្រុងសម្ពន្ធភាពក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានជំរុញឱ្យមានការផ្សព្វផ្សាយពីច្បាប់វិនិយោគនៃប្រទេសទាំង២ ទៅដល់អ្នកវិនិយោគនៃទីក្រុងទាំង២ឱ្យបានយល់កាន់តែច្បាស់ ងាយស្រួលក្នុងការដាក់ទុនវិនិយោគ និងពង្រឹងការទប់ស្កាត់អំពើល្មើសច្បាប់នានាសម្រាប់ទីក្រុងទាំង២ផងដែរ។

លោកអភិបាលរាជធានីភ្នំពេញក៏បានអញ្ជើញប្រតិភូទីក្រុងហាណូយមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុងនិងស្របពេលនៃខួបលើកទី១៨ឆ្នាំនៃការចងសម្ពន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ នឹងទីក្រុងហាណូយផងដែរ ។

សូមបញ្ជាក់ដែរថា៖ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរាជធានីភ្នំពេញបានទទួលនិងអមដំណើរដោយលោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមផងដែរ៕

ដោយ ៖ សំរិត

 


ចែករំលែក៖