ក្លិប Nice បានចុះហត្ថលេខាលើ Ross Barkley លើការផ្ទេរដោយមិនមានតម្លៃខ្លួន បន្ទាប់ពីខ្សែបម្រើរូបនេះបានចាកចេញពី Chelsea ដោយការយល់ព្រមគ្នាទៅវិញទៅមកកាលពីខែមុន។ នេះបើយោងតាមក្លិប Ligue 1 បានប្រកាសកាលពីថ្ងៃចន្ទ ទី៥ ខែកញ្ញា។
កីឡាករវ័យ២៨ឆ្នាំរូបនេះដែលបានបង្ហាញខ្លួន១០០ប្រកួតសម្រាប់ក្រុមនៅ Premier League ក្នុងគ្រប់ការប្រកួតទាំងអស់បន្ទាប់ពីបានផ្ទេរពីក្លិបEverton កាលពីឆ្នាំ២០១៨ ត្រូវបានបង្ហាញនៅចំពោះមុខអ្នកគាំទ្រ Nice មុនពេលការចាញ់ម្ចាស់ផ្ទះ ១-០ ដោយ Monaco ។
ក្លិបបារាំងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្សែបម្រើ Ross Barkley បានចូលរួមជាមួយ Nice លើការផ្ទេរដោយមិនមានតម្លៃខ្លួនបន្ទាប់ពីរយៈពេល៤ឆ្នាំកន្លះនៅ Chelsea។ ទោះបីជាទីផ្សារដោះដូរកីឡាកររដូវក្តៅបានបិទកាលពីថ្ងៃព្រហស្បតិ៍នៅប្រទេសបារាំងក៏ដោយ គាត់អាចចូលរួមជាមួយ Nice នៅពេលដែលគាត់ផុតកុងត្រា”។
Barkley ក្លាយជាកីឡាករទី១៣ក្នុងទីផ្សារដោះដូរកីឡាករសម្រាប់ក្លិបNice ដែលបានឃើញការមកដល់របស់អ្នកចាំទី Kasper Schmeichel,ខ្សែបម្រើ Aaron Ramsey និងខ្សែបម្រើស្លាប Nicolas Pepe ផងដែរ។
Barkley បានជួយក្រុមឈ្នះ៣៣ដង និងបានជួយក្រុមឈ្នះពានរង្វាន់ FA Cup, Europa League និង Club World Cup ជាមួយ Chelsea ប៉ុន្តែបានបរាជ័យក្នុងការពង្រឹងកន្លែងធម្មតានៅក្នុងក្រុមដោយចំណាយពេលមួយរដូវកាលក្នុងលក្ខខណ្ឌខ្ចីនៅ Aston Villa ។
គួរបញ្ជាក់ថា ការបរាជ័យកាលពីថ្ងៃអាទិត្យបានធ្វើឱ្យក្រុម Nice ស្ថិតក្នុងចំណាត់ថ្នាក់ទី១៦ជាមួយនឹង៥ពិន្ទុពី៦ប្រកួតនៅលីគកំពូលបារាំង។ ក្រុមនេះនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Cologne របស់អាល្លឺម៉ង់ក្នុងការប្រកួតបើកឆាកជម្រុះតាមពូលនៃពានរង្វាន់ Europa Conference League នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ CAN/Reuters)