ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិសឹករងបន្ទាយមានជ័យ​ ចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងគ្រោះដោយ ជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​កងទ័ព​ជើង​គោក​ នៃកងយោធពលខេមរភូមិន្ទ​ បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិសឹករងបន្ទាយមានជ័យ​ ចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងគ្រោះដោយ ជំនន់ទឹកភ្លៀង។ 

ប្រភពដដែលបន្តថា​ អនុវត្តន៍បទបញ្ជា និងក្រោមការចង្អុលបង្ហាញពីសំណាក់ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅយប់ថ្ងៃទី៥ ខែកញ្ញា លោកវរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការផ្នែកសឹករងម៉ាឡៃ ដឹកនាំ កម្លាំងអន្តរាគមន៍ផ្នែកសឹករងម៉ាឡៃ សហការជាមួយ ក្រុមការងារសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព កម្លាំងកងរាជអាវុធហត្ថ៩៩៩ និងកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដែលដឹកនាំដោយលោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ ចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងគ្រោះដោយ ជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

គួរបញ្ជាក់ផងដែរថាស្រុកម៉ាឡៃ គឺជាស្រុកមួយដែលងាយរង និងទឹកជំនន់ជន់លិចផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋ ដោយសារតែភូមិសាស្រ្តស្រុកនេះនៅជាប់តាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃ ហេតុដូច្នេះសូមបងប្អូន មេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ ជាពិសេស ពេលដែលកំពុងមាន ជំនន់ទឹកភ្លៀង និងភ្លៀងធ្លាក់ខ្លាំង សូមប្រុងប្រយ័ត្នចំពោះកូនចៅ ជៀសវាងមានយថាហេតុណាមួយកើតឡើង ខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះ ហើយទឹកនៅ តែបន្តកើនឡើង៕

ដោយ​៖សហការី​


ចែករំលែក៖