ភ្នំពេញ ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព មហាឧបាសិកា ញឹម តេង ត្រូវជាម្តាយក្មេករបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៣:៤០នាទីរសៀល ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកអភិបាលខេត្ត និងសហការី បានចូលរួមរំលែកទុក្ខជាមួយ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន ជីដូនទួត ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងបានបីបាច់ថែរក្សា ទំនុកបម្រុងបុត្រធីតា ទាំងអស់ប្រកបដោយការទទួលខុសត្រូវយ៉ាងខ្ពស់បំផុត។ ទោះបីរូបការរបស់ មហាឧបាសិកា ញឹម តេង បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានបួងសួងវត្ថុសក្តិសិទ្ធក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសិកា ញឹម តេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា