រដ្ឋមន្ត្រីថាមពលរុស្ស៊ី លោក Nikolay Shulginov បានបញ្ជាក់ថា អឺរ៉ុបនឹងមិនអាចបោះបង់ថាមពលរបស់រុស្ស៊ីនៅមុនឆ្នាំ ២០២៧នោះឡើយ ។ នៅពេលនេះអឺរ៉ុបមិនអាចពឹងផ្អែកទៅលើប្រទេសណាមួយផ្សេងក្រៅពីអាមេរិកនោះឡើយ។
ក្នុងពេលនេះដែរ វិមានក្រឹមឡាំងបានព្រមានថា ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៉ីទៅកាន់អឺរ៉ុបនឹងមិនបន្តឡើងវិញឡើយ រហូតទាល់តែទណ្ឌកម្មប្រឆាំងមកលើទីក្រុងមូស្គូ ត្រូវបានដកចេញទៅវិញ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peksov) បានលើកឡើងយ៉ាងដូច្នេះថា «បញ្ហានៃការផ្គត់ផ្គង់ឧស្ម័ន គឺកើតមានឡើងដោយសារតែទណ្ឌកម្មដែលបានដាក់ប្រឆាំងនឹងប្រទេសរបស់យើង ព្រមទាំងក្រុមហ៊ុនជាច្រើនពីសំណាក់ក្រុមប្រទេសលោកខាងលិច រួមមានអាល្លឺម៉ង់និងចក្រភពអង់គ្លេស ជាដើម។ វាពុំមានហេតុផលណាផ្សេងដែលអាចបង្កជាបញ្ហានេះឡើងឡើយ។ ទណ្ឌកម្មដែលបានដាក់ដោយក្រុមលោកខាងលិចទាំងនោះ គឺជាមូលហេតុតែមួយគត់ ដែលបាននាំឱ្យស្ថានការណ៍វិវត្តដល់ចំណុចដូចដែលយើងគ្រប់គ្នាកំពុងមើលឃើញនាពេលនេះ»។
សារព្រមានរបស់វិមានក្រឹមឡាំងធ្វើឡើងចំគ្រាដែលវិបត្តិថាមពលនៅទូទាំងតំបន់អឺរ៉ុបកំពុងតែធ្ងន់ធ្ងរទៅថែមទៀត បន្ទាប់ពីក្រុមហ៊ុនឧស្ម័នរុស្ស៉ី Gazprom បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការបិទជួលជុលម៉ាស៉ីនទួរប៊ីនបំពង់ឧស្ម័ន Nord Stream1ដែលពីដំបូងឡើយគ្រោងប្រើពេលត្រឹម៣ថ្ងៃ នឹងត្រូវអូសបន្លាយដោយមិនមានពេលកំណត់។
គួរបញ្ជាក់ថា បំពង់ឧស្ម័ន Nord Stream1 ដែលបានធ្វើប្រតិបត្តិការតាំងតែពីឆ្នាំ២០១១មក គឺជាបំពង់ឧស្ម័នធំបំផុតតែមួយគត់ដែលនាំយកឧស្ម័នពីប្រទេសរុស្ស៉ីទៅកាន់តំបន់ភាគខាងលិចអឺរ៉ុប។ ពាក់ព័ន្ធនឹងការបិទបំពង់ឧស្ម័ននេះ សហភាពអឺរ៉ុបបានចោទប្រកាន់ជាដដែលៗថា ទីក្រុងមូស្គូមានចេតនាបង្កភាពរាំងស្ទះ និងកាត់បន្ថយលំហូរឧស្ម័នដើម្បីសងសឹកការដាក់ទណ្ឌកម្មក៏ដូចជាការគាំទ្ររបស់លោកខាងលិចចំពោះអ៊ុយក្រែន។ ចំណែកសហរដ្ឋអាមេរិកក៏បានចោទរុស្ស៉ីអំពីការប្រើប្រាស់ថាមពលជាអាវុធផងដែរ ប៉ុន្តែបានបង្ហាញការជឿជាក់ថា អឺរ៉ុបនឹងមានឧស្ម័នគ្រប់គ្រាន់ដើម្បីឆ្លងកាត់រដូវរងា៕ ដោយ៖ ធីរីណា
រូបថត ៖ REUTERS