ភ្នំពេញ ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈប៉ាន់ប្រមាណថា មានពលករធ្វើការនៅក្រៅប្រទេសប្រមាណ៥០០នាក់បានវិលត្រឡប់ចូលក្នុងប្រទេសតាមការអំពាវនាវរបស់លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ តែបន្ទាប់ពីការអំពាវនាវនិងពន្យល់របស់ក្រសួងការងារក៏ដូចជាស្ថានទូតកម្ពុជាប្រចាំនៅប្រទេសទាំងនោះ ចាប់ពីថ្ងៃទី២៧ខែសីហាមិនមានពលករវិលត្រឡប់មកទៀតនោះទេ។
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថារហូតមកដល់ពេលនេះមិនមានពលករខ្មែរនៅក្រៅប្រទេសណាម្នាក់បានវិលត្រឡប់មកស្រុកកំណត់វិញតាមការឃោសនារបស់លោក ខឹម វាសនា ជាបន្តទៀតនោះទេ។ លោកបន្តថា មានពលករចាញ់ការឃោសនារបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរត់ចោលការងារត្រឡប់ចូលក្នុងប្រទេសដោយកុហកថៅកែរោងចក្រក្នុងហេតុផលផ្សេងៗ។
នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសចូល រួមក្នុងពិធីបើកយុទ្ធនាការជិះដើម្បីមិត្តយើងរបស់សមាគមមិត្តយើងនៅកោះពេជ្រ លោក ហេង សួរ បានប្រាប់អ្នកកាសែតថា «មកដល់ពេលនេះពាក់ព័ន្ធទៅនឹងការឃោសនាអបិយជំនឿហួសហេតុរបស់លោក ខឹម វាសនា មិនមានពលករខ្មែរធ្វើការនៅប្រទេសថៃ នៅកូរ៉េ និងនៅជប៉ុនបានឆ្លងដែន និងធ្វើដំណើរមកស្រុកទៀតទេ មានតែនៅចន្លោះថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែសីហា ប៉ុណ្ណោះ ហើយចាប់ពីថ្ងៃទី២៧ ខែសីហា មកមិនមានទៀតទេ»។
លោករដ្ឋលេខាធិការបានបន្តទៀតថា ការដែលមិនមានពលករមកស្រុកនេះ បន្ទាប់ពីអ្នកលេងតាមហ្វេសប៊ុកបានអំពាវនាវ និង ចែកចាយព័ត៌មាន និងរូបភាពផ្សេងៗនិងពន្យល់ណែនាំទៅឃើញថា បងប្អូនពលករខ្មែរយើងបានយល់ និងភ្ញាក់ខ្លួនមិនបានបន្តវិលត្រឡប់ចូលមកស្រុកវិញតាមការអំពាវនាវរបស់លោក ខឹម វាសនា ជាបន្តទៀត។ លោកបានឱ្យដឹងទៀតថា មានពលករខ្មែរធ្វើការនៅក្រៅប្រទេសប្រមាណជាង៥០០នាក់បានវិលត្រឡប់មកស្រុកវិញ តាមការឃោសនារបស់លោក ខឹម វាសនា ក្នុងនោះមានពលករធ្វើការនៅកូរ៉េប្រមាណជាង៤០០នាក់ និងប្រមាណ១០០នាក់ទៀតធ្វើការនៅជប៉ុនពាក់ព័ន្ធនឹងការអំពាវនាវរបស់ប្រធានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ដែលថា ទឹកនឹងជន់លិចពិភពលោកទាំងមូល។ លោកបានបន្ថែមថា ពលករខ្មែរទាំងនោះ ខ្លះសុំច្បាប់ថៅកែថា ឪពុកម្តាយឈឺធ្ងន់ និងខ្លះទៀតសុំច្បាប់ថៅកែឈប់មិនបានក៏ពួកគេសម្រេចចិត្តបោះបង់ការងារចោល និងត្រឡប់មកកម្ពុជាវិញ។
លោក ហេង សួរ បានបញ្ជាក់ថា ករណីនេះធ្វើឱ្យក្រុមហ៊ុនកូរ៉េមួយចំនួនបានប្តឹងទៅក្រសួងការងារកូរ៉េដោយស្នើឱ្យកាត់បន្ថយពលកររបស់កម្ពុជា។តែលោកមិនអាចបញ្ជាក់ថា តើមានចំនួនក្រុមហ៊ុនប៉ុន្មានទេដែលបានប្តឹងទៅក្រសួងការងារកូរ៉េ។ លោកបានបន្ថែមទៀតថា ក្រសួងការងារបានជួបដោះស្រាយបញ្ហានេះជាមួយតំណាងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ (HTD Korea) ដោយបានសុំទោសរដ្ឋាភិបាលកូរ៉េជាពិសេសនិយោជកកូរ៉េដែលរងផលប៉ះពាល់ដោយការចលាចលនេះ។ ក្រសួងក៏សំណូមពរដល់និយោជកកូរ៉េ និងជប៉ុនមេត្តាយោគយល់ដល់ពលករ និងសិក្ខាកាមរបស់កម្ពុជា ដោយកុំប្តឹង និងពិចារណាទទួលយកពួកគេវិញតាមលទ្ធភាពជាក់ស្តែង។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅក្រុមហ៊ុនកូរ៉េ ជប៉ុន និងថៃ កុំប្តឹងតាមផ្លូវច្បាប់លើរដ្ឋាភិបាលកម្ពុជា និងពលករដែលរត់ចោលការងារនាពេលថ្មីៗនេះ ព្រោះពលករទាំងនោះចាញ់បោកការឃោសនារបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា។
សម្តេចបានថ្លែងថា «សូមកុំឱ្យរដ្ឋាភិបាលនៃប្រទេសទាំងអស់ ដែលមានពលករធ្វើការនៅក្នុងប្រទេសរបស់ខ្លួន ដាក់ពាក្យបណ្តឹងទាមទារសំណងពីរដ្ឋាភិបាលកម្ពុជា ឬពីបុគ្គលិកដែលរត់ចោលការងារ។ ហើយសូមកុំផ្សារភ្ជាប់ពលករកម្ពុជាដទៃទៀតជាមួយពលករដែលធ្វើកំហុស ដោយសារការចាញ់បោកសម្រាប់ព្រះព្រហ្ម [លោក ខឹម វាសនា តាំងខ្លួនជាព្រះព្រហ្ម] នៅប្រទេសកម្ពុជា»។
បើតាមលោក ហេង សួរ បច្ចុប្បន្នមានពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េមានជាង៥ម៉ឺននាក់ និងក្នុងប្រទេសជប៉ុនមានជាង១ម៉ឺន៦ពាន់នាក់៕
ដោយ៖ សូរិយា