ភ្នំពេញ ៖ រថយន្តដឹកទឹកកកអនាម័យមួយគ្រឿងអ្នកបេីកបរបេីកលឿនខ្វះការប្រុងប្រយ័ត្ន បានបេីកគេចពីរថយន្ត
តូយ៉ូតាព្រូសមួយគ្រឿងធ្វើឱ្យរេចង្កូតឡេីងលើខឿនពុះចែកទ្រូងផ្លូវក្រឡាប់បោកទៅលេីឡំប្រឺតាមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវចោមចៅ ចំណុចភ្លើងស្តុបទួលពង្រ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញរថយន្តម៉ាកហុីយ៉ាន់ដាយពណ៌សប្រភេទឃ្លុប ពាក់ស្លាកលេខព្រះសីហនុ3A-7398 បេីកតាមបណ្ដោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿន លុះបេីកមកដល់កន្លែងកើតហេតុក៏មានរថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿងមិនបានស្គាល់ស្លាកលេខ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវចោមចៅ ដូចគ្នាហេីយមកដល់ចំណុចភ្លើងស្តុបទួលពង្រ រថយន្តម៉ាកតូយ៉ូតាព្រូសបានបត់ស្ដាំ ធ្វេីឲ្យរថយន្តដឹកទឹកកកខាងលើគេចទៅផ្នែកខាងឆ្វេងដៃក៏ជ្រុលឡេីងលេីខឿន ពុះចែកទ្រូងផ្លូវ ហេីយក្រឡាប់បោកទៅលេីឡំប្រឺតាមួយគ្រឿងទៀតដែលធ្វើ ដំណើរបញ្រ្ចាសទិសគ្នាបណ្តាលឲ្យរងការខូចខាតដំបូលខាងលេី ចំណែកឯរថយន្តដឹកទឹកកកក្រឡាប់អូសជាច្រើនម៉ែត្ររងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កអោយគ្រោះថ្នាក់ដល់អ្នកបេីកបរព្រមទាំងអ្នករួមដំណើរ ជាពិសេសខាងម៉ូតូកង់បី ។
ប្រភពបានបន្តទៀតថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗ ដោយមានបងប្អូនប្រជាពលរដ្ឋនៅកន្លែងបានឃាត់អ្នកបេីកបរដេីម្បីរង់ចាំសមត្ថកិច្ចនគរបាលប៉ុស្តិ៍មកជួយសម្របសម្រួល ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌពោធិសែនជ័យភ្លាមៗដេីម្បីទាក់ទងទៅជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីដេីម្បីស្ទូចរថយន្តម៉ាកហុីយ៉ាន់ដាយដឹកទឹកកកខាងលើព្រមទាំងម៉ូតូកង់បីយកទៅរក្សាទុកដេីម្បីរង់ចាំការដោះស្រាយនៅថ្ងៃក្រោយ៕
ដោយ ៖ សុខាសែនជ័យ