ព័ត៌មានទាន់ហេតុការណ៍៖

នាយកសាលាបឋមសិក្សាវាលនិន្រ្ទានាំយកនូវថវិកាទៅឧបត្ថម្ភកុមារាដែលត្រូវពស់មានពិសចឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ឈួន ដោងរិទ្ធី និងភរិយាដែលជាអាណាព្យាបាលកុមារាឈួន បញ្ញា បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ថា ខ្ញុំបាទ នាងខ្ញុំ សូមថ្លែងអំណរគុណចំពោះលោកនាយកសាលាបឋមសិក្សាវាលនិន្រ្ទា និងសហការីដែលបាននាំយកនូវថវិកាមកជួយឧបត្ថម្ភដល់កូនប្រុសរបស់ខ្ញុំបាទនាងខ្ញុំ ខណៈខកខានរៀនសូត្រជាង១ខែកន្លងមកនេះ ដោយសារតែសត្វពស់មានពិសចឹកនាពេលកន្លងមកបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងនោះក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូ រួមទាំងសិក្សានុសិស្សនៃសាលាបឋមសិក្សាវាលនិន្រ្ទាផងដែរ ។ 

លោក ឈួន ដោងរិទ្ធី និងភរិយាឱ្យដឹងទៀតថា ថវិកាដែលលោកនាយកសាលា និងសហការីជួយឧបត្ថម្ភដល់កូនប្រុសរបស់គាត់(ឈួន បញ្ញា)មានចំនួន១១១.០០០រៀល(ដប់មួយម៉ឺនមួយពាន់រៀល) ថវិកានេះមិនច្រើននោះទេ ប៉ុន្តែនេះជាការស្ដែងចេញនូវទឹកចិត្ត សេចក្ដីស្រលាញ់ ចែករំលែកនៅពេលកូនចៅមានទុក្ខ ក្នុងនាមជានាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរួមថ្នាក់រៀនជាមួយគ្នា ។

    លោក ឈួន ដោងរិទ្ធី បានបញ្ជាក់បន្ថែមទៀតថា កូនប្រុសរបស់គាត់(ឈួន បញ្ញា)អាយុ១១ឆ្នាំ ត្រូវបានសត្វពស់វែកដំបូក១ក្បាលចឹកចំខ្នងជើងខាងស្ដាំ កាលពីព្រលប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចតុបាយក្នុងផ្ទះ ស្ថិតនៅភូមិព្រែកទី១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ភ្លាមនោះបានបញ្ជនទៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ប៉ុន្តែដោយសារនៅមន្ទីរពេទ្យបង្អែកនោះពុំមានសម្ភារគ្រប់គ្រាន់ ទើបក្រុមគ្រូពេទ្យបានជួយសម្រួលបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ហើយក្រុមគ្រូបានជួយសង្រ្គោះរហូតបានធូរស្រាលផ្នែកពិស ប៉ុន្តែមុខរបួសរលួយទៅៗ។ ម្យ៉ាងឮគេនិយាយតៗគ្នាថាអាចឈានដល់ការកាត់ជើង ទើបប្ដីប្រពន្ធគាត់សម្រេចសុំគ្រូពេទ្យយកកូនចេញទៅឲ្យគ្រូខ្មែរនៅស្រុកភ្នំក្រវាញមើលបន្តដល់សព្វថ្ងៃ។ បច្ចុប្បន្នកូនរបស់គាត់បានធូរច្រើនគួរសមដែរហើយ ៕

ដោយៈ ប៉ឹម ពិន


ចែករំលែក៖