ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Lexus GS-300 មួយគ្រឿងក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យវៀចអស់មួយកង់ ឯរថយន្តដាច់កាឡេកង់ទៅមុខលែងរួចកាលពីវេលាម៉ោង ១២និង ៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខផ្សារ ៧មករា តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តLexus GS-300 មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AS-2561 ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរបាំងថ្មវៀចអស់មួយកង់ ចំណែករថយន្តបង្កបែកកង់និងដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ