ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងកំពុងឈប់ស្តុប ពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៦៣ ត្រង់ចំណុចស្តុបទួលទំពូង ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។
យោងតាមប្រភពពីម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុគាត់បើករថយន្តម៉ាកNAVARA ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2BK-6993 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបានឈប់ស្តុបហើយក៍មានម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពុងស្ពឺ1 I -4816 ជិះដោយយុវជនម្នាក់ស្របគ្នាមកពីក្រោយយ៉ាងលឿនបានជ្រុលទៅបុកចំស្តុបរថយន្តខាងឆ្វេងពីក្រោយពេញទំហឹងបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់សន្លប់ស្តូកស្ដឹង ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុហើយ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ