ភ្នំពេញ ៖ «ដំណើរជាតិរបស់យើង» ទាំងបច្ចុប្បន្ននិងតទៅមុខ គឺត្រូវការកត្តា៣ជាប្រចាំ៖ ១. ប្រទេសមានសន្តិភាព ២. សេដ្ឋកិច្ចដើរ ៣. ជីវភាពប្រជាជនកាន់តែបានប្រសើរឡើង។ នេះជាការលើកឡើង របស់ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (ស.ស.ស.ក)។
លោកបានថ្លែងថា, អភិបាលកិច្ចល្អ គាំទ្រដល់ដំណើរការ៣ខាងលើ ហើយដរាបណាគោល៣នេះ ធានាភាពរឹងមាំ នោះគុណភាពប្រជាធិបតេយ្យ និងសិទ្ធិដទៃទៀត កាន់តែប្រសើរឡើងជាស្វ័យប្រវត្តិ។ លើតម្រូវការជាក់ស្តែងរបស់កម្ពុជាបច្ចុប្បន្នការបង្កើតឱកាសឱ្យប្រជាជនបានធ្វើការងារយ៉ាងសកម្ម គឺប្រសើរជាងចរឹតបោកប្រាស់ញុះញង់ពលរដ្ឋឱ្យប្រើសិទ្ធិបែបតាប៉ែ អុកឡុក និងលក់មុខប្រទេសជាតិ។
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ច្រើនបញ្ចេញនូវទស្សនៈជាតិ គំនិតល្អៗ ទាំងការផ្តល់បទពិសោធន៍ដល់អ្នកសារព័ត៌មាន ក៏ដូចជាការបំផុសគំនិតអោយប្រជាពលរដ្ឋខ្មែរ ស្រឡាញ់ជាតិសាសន៍ខ្លួនឯង ស្គាល់នូវសន្តិភាព ពិតប្រាកដដែលមានបច្ចុប្បន្ន ក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកបានផ្តល់ជាគតិដល់វិស័យសារព័ត៌មានថា, អ្នកកាសែត អាចពង្រឹងតួនាទីខ្លួន ដើម្បីចូលរួម៖
១/. ទាញអ្នកនយោបាយ ឱ្យទទួលខុសត្រូវលើកាតព្វកិច្ចខ្លួនចំពោះជាតិនិងប្រជាជន ប៉ុន្តែ កុំបំផុសបំផុល អុជអាល ទាញប្រជាជនឱ្យមានកំហឹង គំនុំ លើនិន្នាការ។
២/. ទាញពាណិជ្ជករ ឱ្យគិតលើសពីត្រឹម ផលប្រយោជន៍ខ្លួន ហើយគិតដល់ចីរភាពសង្គម និងការបង់សងទៅសង្គម ប៉ុន្តែ កុំអុជអាលកម្មករឱ្យវាយឆ្នាំងបាយខ្លួនឯង។
លោកបន្តថា, មនុស្សមាននិន្នការមិនដូចគ្នាទេ អាស្រ័យដោយអត្តចរឹត ការអប់រំ បរិយាកាស… ប៉ុន្តែ យើងអាចខិតខំរកការបន្ស៊ីគ្នាលើទស្សនៈរួម លើអ្វីដែលមនុស្សទាំងអស់អាចរួមគ្នាជាធ្លុង១ ចំពោះផលប្រយោជន៍ជាតិ និងអនាគតជាតិយើងតែមួយ។
កាលពីម្សិលមុិញ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបញ្ចេញនូវយោបល់ ជាការពន្យល់ដល់ កម្មករ កម្មការនី សហជីព ចាប់យកផ្លូវល្អ ដើម្បីអនាគតការងារ ដោយលោកថ្លែងថា, “ជូនទៅ ប្អូនៗនិងក្មួយៗ! ថ្ងៃនេះ គឺជាថ្ងៃទី២៦៧ហើយ! គ្មានជម្រើសណាល្អ ត្រឹមត្រូវជាងសំណងតាមច្បាប់ការងារនោះទេ។ លោកបញ្ជាក់ថា, «បើថៅកែមិនល្អ បើគេអាក្រក់ កុំចង់ទៅកន្លែងហ្នឹង! ធ្វើចិត្តខ្ពើម ដើរចេញ រកអនាគតថ្មី! ពេលដើរចេញផុត ក៏គ្មាននរណា តាមជិះជាន់ ឬមើលងាយប្អូនៗនិងក្មួយៗទេ»។ ប្អូនៗក្មួយៗ បន្តធ្វើបែបនេះ ប្រទេសជាតិ ឆ្ងល់ទង្វើពួកប្អូនទៅវិញទេ!? ៕
ដោយ ៖ សិលា