ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីជូនដំណឹង ស្ដីពីការពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលត្រូវលើកទៅថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២វិញ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា, ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជានឹងមានព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍តំបន់ ដូចជា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ, ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣។

ដើម្បីបញ្ចៀសការរំខាននានាដល់កិច្ចប្រជុំ ព្រឹត្តិការណ៍កីឡាជាតិ និងពិធីបុណ្យជាតិខាងលើ និងដើម្បី ឱ្យបេក្ខជនមានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀនសូត្រសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ ដែលគ្រោងរៀបចំនៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ វិញ។

ជាមួយគ្នានេះ ក្រសួងបានកំណត់វិញ្ញាសាជម្រើស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដូចខាងក្រោម៖

១. សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ៖ ប្រវត្តិវិទ្យា

២.សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ផែនដី និងបរិស្ថានវិទ្យា

សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ : សិលា


ចែករំលែក៖