ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៤:៣០នាទី ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបក្រុមមន្រ្តីជាន់ខ្ពស់នៃធនាគារវិនិយោគសហភាពអឺរ៉ុប (European Investment Bank, EIB) អមដោយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្ររាជាណា ចក្រកម្ពុជា។ ដោយឡែកក្រុមមន្រ្តីជាន់ខ្ពស់មកពីធនាគាវិនិយោគសហភាពអឺរ៉ុបមាន ÷
Mr. Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (Vice President of EIB) Ms. Sunita Lukkhoo ប្រធានធនាគារវិនិយោគអឺរ៉ុបប្រចាំតំបន់អាស៊ីអាគ្នេឃ៍និងប៉ាស៊ីហ្វីក (Head of EIB Reginal Representation to South East Asia and Pacific), Mrs. Stephanie Reverchon (External Action Representation) and Mr. Lucas Lenchant (EIB VP Chef de Cabinet)។ ជំនួបនេះមានគោលបំណងទី១- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគលើវិស័យកសិកម្ម និងទី២- ធ្វើការចែករំលែកទស្សនវិស័យលើតម្រូវការអភិវឌ្ឍវិស័យកសិកម្ម នាពេលអនាគត។
ជាបឋម លោករដ្ឋមន្ដ្រីបានមានមតិស្វាគមន៍ និងរាយការណ៍ជូនភ្ញៀវបានជ្រាបអំពីវឌ្ឍនភាពវិស័យកសិកម្មជាជំហានៗ រហូតមដល់បច្ចុប្បន្នដែលបានក្លាយជាប្រទេសមួយមានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងឈានទៅជាប្រទេសនាំចេញកសិផលសំខាន់ៗមួយចំនួនទៅកាន់ទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក ក្នុងនោះក៏មានទីផ្សារសហភាពអឺរ៉ុបផងដែរ។ កម្ពុជាកំពុងធ្វើការអភិវឌ្ឍបន្ថែមដើម្បីឆ្លើយតបទៅតាមនិន្នាការទីផ្សារអន្តរជាតិដែលចេះតែមានការកើនជាលំដាប់ទាក់ទងទៅនឹងគុណភាព សុវត្ថិភាព និងភូតគាមអនាម័យ។ល។ ហេតុផលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវការជាចាំបាច់នូវការធ្វើទំនើបកម្មកសិកម្ម ពិពិធកម្មកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការកែច្នៃ និងខ្សែច្រវាក់តម្លៃបន្ថែម និងអភិវឌ្ឍធនធានមនុស្ស ដែលកម្មវត្ថុទាំងអស់នេះត្រូវការជំនួយឧបត្ថម្ភ ការគាំទ្រ និងកិច្ចសហការពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងនោះក៏មាន EIB និងសហភាពអឺរ៉ុបផងដែរ។
នាឱកាសនេះ Mr. Kris Peeters បានជម្រាបជូន លោករដ្ឋមន្រ្តីថា ដំណើរបេសកកម្មរបស់លោកមកកម្ពុជានាពេលនេះ មានបំណងចង់សិក្សាស្វែងយល់បន្ថែមថាតើ EIB អាចចូលរួមសហការជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លីបានក្នុងកម្រិតណា។ លោកបានបញ្ជាក់បន្ថែមថាវិស័យកសិកម្មគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់កម្ពុជា ការអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើនស្របតាមកំណើនសេដ្ឋកិច្ចជាតិគឺជាកត្តាសំខាន់ដែលចាំបាច់ត្រូវមានកិច្ចសហការពីបណ្តាដៃគួពាក់ព័ន្ធ។ ឆ្វេងយល់ពីទស្សនវិស័យនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់អាទិភាពលើវិស័យកម្ម EIB បានបើកការិយាល័យប្រចាំតំបន់នៅទីក្រុងហ្សាការតា ប្រទេសឥណ្តូនេស៊ី ដោយដើរតួនាទីបី សំខាន់រួមមានគឺ÷ ១- ផ្តល់ប្រាក់កម្ចី ២- ការគាំទ្រលើការអនុវត្តគម្រោងរបស់សហភាពអឺរ៉ុប និងគម្រោង EIB និង៣- ផ្តល់ប្រឹក្សាយោបល់ផ្នែកបច្ចេកទេស ហើយអ្វីដែលសំខាន់នោះគឺការអនុវត្តគម្រោងបៃតងដែលផ្តោតទៅលើការប្រែប្រួលអាកាស ធាតុជាចំបង។ ដោយឡែក ជំនួបនាពេលនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយសហភាពអឺរ៉ុប និងជាពិសេសធ្វើការសិក្សាស្វែងយល់បន្ថែមពីតម្រូវការចាំបាត់របស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្មនាពេលអនាគត។ EIB និង EIB ប្រចាំតំបន់ រួមទាំង EU ប្រចាំកម្ពុជានឹងរួមសហការគ្នាតាមគ្រប់រូបភាពក្នុងឆន្ទ:រួមគឺធ្វើការអភិវឌ្ឍវិស័យកសិកម្ម និងវារីវប្បកម្មកម្ពុជា។ លោកបានបន្ថែមថាការងារលម្អិតបន្ថែម EIB តំបន់ នឹងធ្វើការពិភាក្សាជា មួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលខាងមុខ។
លោករដ្ឋមន្ដ្រីបានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះទស្សនរបស់ Mr. Kris Peeters ដើម្បីសម្រេច ឲ្យបាននូវមហិច្ឆិតារបស់កម្ពុជាគឺអភិវឌ្ឍវិស័យកសិកម្ម ដើម្បីសម្រេចឲ្យបានតាមគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម២០២២-២០៣០ ដែលក្នុងនោះគឺជំរុញការធ្វើទំនើបកម្មកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការពង្រឹងខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម ការកែច្នៃ និងការកសាងធនធានមនុស្សតាមរយ:ការធ្វើកម្មសិក្សារបស់និស្សិត និងមន្រ្តីជំនាញ ដូចដែលកម្ពុជាបាននិងកំពុងធ្វើជាមួយប្រទេសអ៊ីស្រាអែល ទាំងអស់នេះគឺដើម្បីសម្រេចឲ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០។ លោករដ្ឋមន្ដ្រី សង្ឃឹម និងជឿជាក់ថា EIB នឹងចូលរួមផ្តល់កិច្ចសហការជាមួយក្រសួងដើម្បីឈានទៅសម្រេចគោលដៅនេះ ៕
ដោយ ៖ សិលា